អ្នករស់រានមានជីវិតពីការរំលោភបំពានយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ នៅប្រទេសអាល្លឺម៉ង់ ដោយស្នើឱ្យព្រះរាជអាជ្ញាស៊ើបអង្កេត និងនាំយកមកកាត់ទោស អ្នកដែលទទួលខុសត្រូវចំពោះការប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងពេលការបង្ក្រាបលើគូប្រជែងនៃរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ និងប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ក្រុមសិទ្ធិមនុស្ស Fortify Rights ដែលជាក្រុមតស៊ូមតិ បានប្រកាសពីការដាក់ពាក្យបណ្ដឹងកាលពីថ្ងៃអង្គារ។ នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ ហ្វធីហ្វៃ រ៉ាយ (Fortify Rights) បាននិយាយថា ពាក្យបណ្តឹងនេះត្រូវបានដាក់នៅប្រទេសអាឡឺម៉ង់ ដោយសារតែច្បាប់យុត្តាធិការសកលរបស់ខ្លួន ដែលអនុញ្ញាតឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួន មិនថាកើតឡើងនៅទីណាក៏ដោយ។
លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកក ប្រទេសថៃថា “ប្រទេសអាល្លឺម៉ង់ស្ថិតក្នុងទីតាំងពិសេសមួយ ដើម្បីជួយទប់ស្កាត់និទណ្ឌភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។ លោកបាននិយាយថា “ពាក្យបណ្តឹងនេះផ្តល់ភស្តុតាងថ្មីដោយបង្ហាញថា យោធាមីយ៉ាន់ម៉ាបានសម្លាប់រំលោភ ធ្វើទារុណកម្ម ចាប់ដាក់គុក បាត់ខ្លួន ធ្វើទុក្ខបុកម្នេញ និងប្រព្រឹត្តអំពើផ្សេងទៀតដែលពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដោយបំពានច្បាប់អាល្លឺម៉ង់”។
ក្រុមហ្វធីហ្វៃ រ៉ាយ បាននិយាយថា គោលបំណងចម្បងនៃបណ្ដឹងនេះគឺសម្រាប់រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ ដើម្បីបើកការស៊ើបអង្កេត ប្រមូល និងរក្សាទុកភស្តុតាងសម្រាប់ការកាត់ទោស និងចេញដីកាចាប់ខ្លួនអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕






