
រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែស បាននិយាយថា យ៉ាងហោចណាស់មនុស្ស៤៣នាក់ បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអគារច្រើនជាន់ក្នុងប្រទេសបង់ក្លាដែស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គីភ័យបានចាប់ផ្តើមនៅក្នុងភោជនីយដ្ឋានមួយ នៅម៉ោងប្រហែល១០យប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីដាកា។ មនុស្សចំនួន ៧៥នាក់ត្រូវបានជួយសង្គ្រោះ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អគ្គីភ័យត្រូវបានគ្រប់គ្រងបន្ទាប់ពីរយៈពេលពីរម៉ោង នេះបើយោងតាមមន្ត្រីពន្លត់អគ្គីភ័យ ហើយមូលហេតុកំពុងត្រូវបានស៊ើបអង្កេត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបង់ក្លាដែស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ដាកា មេឌីកខល ខូលេច (Dhaka Medical College) ។
យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យ ខណៈ២២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ភោជនីយដ្ឋាន កាចឈី បៃ (Kacchi Bhai) ដែលយោងតាមកាសែត ឌែលលី បង់ក្លាសដែស (Daily Bangladesh) ស្ថិតនៅក្នុងអគារមួយដែលមានកម្ពស់ប្រាំពីរជាន់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អគ្គីភ័យនេះអាចមានប្រភពមកពីការលេចធ្លាយឧស្ម័ន៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

