ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងម៉ាទឹកកកចំនួន៣កញ្ចប់ ដែលមានតំលៃរាប់រយដុល្លា ខណៈដែលមុខរបរលក់ដូរឥវ៉ាន់មិនសូវកាក់កប ហើយបន្ថែមមុខរបរមួយទៀត ជួញដូរគ្រឿងញៀន ដឹងដល់នគរបាលក៏ចុះឃាត់ កាលពីវេលាម៉ោង០១និង៥០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅលេីផ្លូវលំមួយខ្សែរ ឃុំត្រាំខ្នារ ទៅឃុំស្រង់ ត្រង់ចំណុចក្បាលផ្លូវភូមិត្រពាំងធ្លក ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើនេះបាន គឺកម្លាំងនគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំស្នំក្រពើ បានជិះម៉ូតូធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញ លុះមកដល់ចំណុចផ្លូវលំ ពីឃុំត្រពាំងខ្នាល ទៅឃុំស្រង់នោះ ក៏ស្រាប់បានប្រទះឃេីញមុខសញ្ញាជួញដូរគ្រឿងញៀន ម្នាក់ឈ្មោះ នៃ ម៉ាលី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរឥវ៉ាន់ មានទីលំនៅក្នុងភូមិដំណាក់ពង្រឃុំ ព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងជិះម៉ូតូម្នាក់ឯង ចរាចរណ៍គ្រឿងញៀន ក៍បានឃាត់ខ្លួនសួរនាំ និងឆែកឆេររកឃេីញម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យថាជាគ្រឿងញៀន) ចំនួន០៣កញ្ចប់ ក្នុងនោះមានកញ្ចប់មធ្យមចំនួន០១ និងកញ្ចប់ធំចំនួន០២កញ្ចប់ ផងដែរ។
បើតាមសម្តីរបស់នគរបាលបាននិយាយអោយដឹងថា ស្ត្រីខាងលើមានមុខរបរលក់ដូរឥវ៉ាន់ចាប់ហួយ ប៉ុន្តែសង្ស័យចំនេញបានលុយតិចហើយមើលទៅ ទើបបែកគំនិតរកស៊ីលក់គ្រឿងញៀនទៅវិញ ត្រូវបាននគរបាលឃាត់ខ្លួនតែម្តងទៅ។ ក្រោយឃាត់ខ្លួន នាងឆ្លើយសារភាពថាទិញតពីគេ ពីទីរួមខេត្តកំពង់ស្ពឺ មកលក់ចំនេញតិចតួច ដោយក្នុងកញ្ចប់មធ្យមតំលៃ៥០ម៉ឺនរៀល ហើយកញ្ចប់ធំ០២កញ្ចប់ តម្លៃ២លានរៀល។
បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនសង្ស័យខាងលើ នគរបាលបានដកហូតម៉ូតូ ចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០២គ្រឿង លុយរៀលចំនួន៣០មឺុនរៀល និងលុយដុល្លាចំនួន០៣ដុល្លា ម៉ាទឹកកកចំនួន០៣កញ្ចប់។ បច្ចុប្បន្នស្ត្រីជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកគងពិសី រង់ចាំបញ្ជូនបន្តមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់បន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន









