រយះពេលប៉ុន្មានថ្ងៃនេះ មានសារព័តមានក្នុងស្រុក បានចុះផ្សាយព័ត៌មានថា មានចោរចូលលួចកាប់ដើមធ្នង់មួយដើម ដែលមានតម្លៃប្រមាណជិត១លានដុល្លារ នៅក្នុងបរិវេនសាលាខេត្តស្វាយរៀង ដោយគ្មានអាជ្ញាធរណាដឹងព័ត៌មានទាំងនេះ បានធ្វើអោយសង្គមហ្វេសប៊ុកធ្វើមច្ចដ្ឋាននានា មានការរិះគន់ដល់អាជ្ញាធរខេត្តយ៉ាងខ្លាំង។
ពាក់ករណីចោតប្រកាន់ខាងលើកភ្លាមៗ លោកងួន ខាន់ មន្ត្រីសាលាខេត្តស្វាយរៀង និងជាជំនួយការអភិបាលខេត្តស្វាយរៀង បានអះអាងប្រាប់អ្នកសារព័តមានទូរទស្សន៍អាសុីអាគ្នេយ៍ថា តាមពិតទៅដើមធ្នង់នោះមិនមានជនណាលួចកាប់ទៅរួចនោះទេ ពោលគឺអាជ្ញាធរបានពិភាក្សាគ្នាកាប់ចេញដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ដែលបងប្អូនមករត់ឯកសារនៅច្រកចេញចូលតែមួយ ជាពិសេសមន្ត្រីរាជការ ចតរថយន្តក្រោមនេះផង ខ្លាចក្រែងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយសាតែដើមឆ្នុងមួយដើមនេះ ងាប់ច្រើនឆ្នាំពុលផុយរលួយផង។
លោក ងួន ខាន់ បានមានប្រសាសន៍ថា កន្លងមកពិតជាមានករណីកាប់ដើមធ្នុងនោះមែន ដោយសារដើមឈើនេះវាងាប់ និងពុកខ្លាចក្រែងបាក់ធ្លាក់សង្កត់មនុស្ស និងរថយន្តដែលទុកក្រោមដើមឈើនេះ ហើយពុំបានយកទៅលក់នោះទេ គឺទុកសម្រាប់ធ្វើតុ និងកៅអី ដាក់សាលាខេត្ត។ លោក បានបន្តទៀតថា «ចំពោះកាសែតដែលចុះថាដើមឈើនេះ លក់បានតំលៃជិត១លានដុល្លានោះមិនពិតទេ គឺគ្មានការលក់ដូរការចុះផ្សាយនោះទេ ឈើទាំងអស់នេះទុកសម្រាប់ធ្វើតុ និងកៅអីដាក់ប្រើប្រាស់នៅសាលាខេត្តតែប៉ុណ្ណោះ។»
ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា «សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាពេលកន្លងមកនេះ ដោយ យោងតាមការស្នើសុំរបស់មន្ត្រីរាជការសាលាខេត្ត និងបានពិនិត្យឃើញថាដើមឈើ១ដើម ជាប្រភេទដើមធ្នង់ ដែលបានដាំនៅពេលរៀបចំអគារសាលាខេត្ត (មានអាយុកាលប្រមាណជា ៥០ឆ្នាំ ទៅ៦០ឆ្នាំ មិនមែន ២០០ឆ្នាំដូចគេចុះផ្សាយនោះឡើយ) ស្ថិតក្នុងបរិវេណសាលាខេត្តស្វាយរៀង មានសភាពចាស់ ពុកផុយ និងងាប់ជ្រុះស្លឹក ដែលអាចនឹងបាក់ ឬដួលរលំ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ និងមានខ្យល់បក់ខ្លាំង បង្កឲ្យមានផលប៉ះពាល់ ឬខូចខាតទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ជាយថាហេតុដល់មន្ត្រីរាជការបម្រើការងារ នៅក្នុងសាលាខេត្ត ក៏ដូចជាប្រជាពលរដ្ឋមកទទួលសេវា រដ្ឋបាលខេត្តស្វាយរៀងបានសម្រេច ធ្វើការកាប់ផ្ដួលដើមឈើនេះ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ (មិនមែនថ្ងៃ ស មុនបោះឆ្នោត ១ថ្ងៃនោះទេ) ហើយដើមឈើនេះ ពុំមានចោរណាលួចចូលកាប់នោះឡើយ។ ចំពោះ ចំណែកនៃដើមឈើនេះ ស្ទើរតែទាំងស្រុង គឺមានសភាពពុកផុយ និងប្រហោងក្នុង ពោលមានប្រមាណតែ 40% ប៉ុណ្ណោះ ដែលនៅអាចប្រើប្រាស់បាន ហើយរដ្ឋបាលខេត្តបានរក្សាទុកសម្រាប់កែច្នៃជាតុ កៅអី និងគ្រឿងសង្ហារឹមផ្សេងទៀតតាមការជាក់ស្ដែង បម្រើឲ្យការប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងសាលាខេត្ត។ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភ័ន្តច្រឡំដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃ និងបំប៉ោងព័ត៌មានតែប៉ុណ្ណោះ»៕ ព្រហ្ម សាវ៉េត









