
ការប្តេជ្ញាចិត្តធ្វើឱ្យខេត្តកែបក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាត របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តកែប។
ស្របនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋបាលខេត្តកែបនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នឹងរួមចំណែកជាមួយរដ្ឋបាលខេត្ត តាមរយៈភាពស្អាត ភាពបៃតង និងមានចីរភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យសម្រេចបានតាមគោលដៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿថា ភាពស្អាត ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើនគម្របបៃតង បានកំពុងបណ្តុះផ្នត់គំនិតស្អាត របស់ប្រជាពលរដ្ឋ មិនត្រឹមតែស្អាតនៅក្រៅ ជុំវិញផ្ទះសម្បែង តាមមូលដ្ឋាន ទីសាធារណៈកឺថែមទាំងស្អាតពីក្នុងចិត្ត ដែលយកចិត្តទុកដាក់លើការផ្តល់សេវាទេសចរណ៍ឱ្យបានល្អ ម្ហីបអាហារមានអនាម័យ និងមានតម្លៃសមរម្យ តម្លៃស្តង់ដារកំណត់ត្រឹមត្រូវផងនោះ ច្បាស់ណាស់ខេត្តកែបនឹងក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ពិនិត្យមើលការដាំដើមឈើឱ្យបានស្រស់ស្អាតបន្ថែមទៀតតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសនៅឆ្នេរអង្កោល ជំរុញការដាំដើមឈើសម្គាល់អត្តសញ្ញាណរបស់ខេត្ត ដើម្បីទាក់ទាញទេសចរមកកម្សាន្តតាមឆ្នេរ និងអាចមកទស្សនាព្រៃឈើ ពិសេសដើមឈើអត្តសញ្ញាណមួយរបស់ខេត្ត ដូចជាដើមក្ងោកជាដើម និងពង្រឹងបន្ថែមលើការរៀបចំសេវាទេសចរណ៍លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិ ដែលជួយពង្រឹងបន្ថែមលើជីវភាព ប្រជាសហគមន៍នៅតាមមូលដ្ឋាន៕









