ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានបង្ហោះសារតាមបណ្តាញសង្គមហ្វែសប៊ុកថា ស្ថានភាពកំប្លោក ឬសំរាម ដែលរសាត់តាមទឹករលកមកពីប្រទេសវៀតណាម ហើយបានមកទើរតាមឆ្នេរសមុទ្រ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ បាននាំឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពឆ្នេរសមុទ្រធ្ងន់ធ្ងរ។
ទោះជាបែបនេះក្តី លោកថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលក្រុង-ខេត្ត និងមន្ត្រីថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋនានា បានរួមគ្នាសំអាតបរិស្ថានឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យមានសោភ័ណ្ឌភាពល្អឡើងវិញ។
សកម្មភាពសំអាតសំរាមពីឆ្នេរសមុទ្រឆ្នេរអូរឈើទាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដឹកនាំដោយ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ- លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងមន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័នទៀត បានរួមគ្នាសម្អាតឆ្នេរសមុទ្រខាងលើ ឲ្យមានសោភ័ណ្ឌស្រស់ស្អាតដូចដើមវិញ៕ មនោរៀ






