
ឯ.ឧ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ សម្រេចបានជិត៧០ភាគរយហើយ។
ការបង្កបង្កើនផលឆ្នាំនេះ លឿនជាងឆ្នាំមុន ដោយសារកម្ពុជា ទទួលបានរបបទឹកភ្លៀងបរិបូរណ៏នៅដើមរដូវ។ គិតមកត្រឹម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបាន ១លាន ៧សែន ៩ម៉ឺន១ ៩៦៤ ហ.ត ស្មើនឹង ៦៩,២៤% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត លើសឆ្នាំមុន ៣៣៧ ៥៩១ ហ.ត ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៥៩៥ ៣០៥ ហ.ត លើសឆ្នាំមុន ៨៤ ៦៨៥ ហ.ត, ស្រូវកណ្តាលចំនួន ៨៣១ ១៦៨ ហ.ត លើសឆ្នាំមុន ២២៤ ៣២២ ហ.ត, ស្រូវធ្ងន់ចំនួន ៣១៤ ៧៩៩ ហ.ត លើសឆ្នាំមុន ២៧ ៧៦៤ ហ.ត, ស្រូវចម្ការចំនួន ១៧ ៦៨២ ហ.ត តិចជាងឆ្នាំមុន ១ ៣២៩ ហ.ត, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហ.ត ។
ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ១៣ ៨៣៧ ហ.ត ទទួលបរិមាណផលសរុបចំនួន ៥៥ ៥០៥ តោន ទិន្នផលគិតជាមធ្យម ៤,០១១ ត/ហ.ត ។
ក្រៅពីដំណាំស្រូវ ក៏មានការដាំដុះដំណាំសាកវប្បកម្ម៖ (ពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក) សម្រេចបាន ៤៣ ៨៩២ ហ.ត ស្មើនឹង ៨៨,៨១% នៃផែនការ ៤៩ ៤២០ ហ.ត លើសឆ្នាំមុន ៧ ៩២៩ ហ.ត។
ការដាំដំណាំឧស្សាហកម្ម រួមមានពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់, និងឈូក សម្រេចបានចំនួន ៦៤ម៉ឺន ៥ ៥១១ ហ.ត ស្មើនឹង ៧៣,៨១% នៃផែនការ ៨៧៤ ៥៩៥ ហ.ត លើសឆ្នាំមុន ១៤ ៥៧០ ហ.ត។