ក្នុងកិច្ចសំណេះសំណាល ជាមួយក្រុមនិស្សិត ដែលត្រៀមចេញដំណើរទៅសិក្សាបន្ត នៅប្រទេសអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់និស្សិតទាំងនោះ ប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតី ដោយតំកល់ប្រយោជន៍ជាតិជាធំ។ ការផ្តាំផ្ញើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ ដោយមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដែលដឹកនាំដោយ លោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តី នៃអាជ្ញាធរសវនកម្មជាតិ។

លោក ទៀប សុត្ថា បានឲ្យដឹងថា ក្នុងចំណោមជ័យលាភីទាំង២៧រូបនេះ មានស្រី ១១នាក់ ដែលនិស្សិតទាំងនេះជាមន្រ្តីរាជការ មកពីតាមស្ថាប័នរដ្ឋចំនួន១៦នាក់ ក្នុងនោះមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកមកពីវិស័យឯកជនចំនួន១១នាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាស ន៍ថា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ មានបទពិសោ ធន៍ លើការបណ្តុះបណ្តាលធនធានមនុស្ស ហើយតែងបានជួយបណ្តុះបណ្តាលដល់និស្សិតកម្ពុជាជាដរាបមក។
កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិ សេសការបណ្តុះបណ្តាលធនធាន មនុស្សនេះឯង។ ការទៅសិក្សារៀនសូត្រនៅទីនោះ មានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យា មានការរីកចម្រើនខ្ពស់ ដែលទាម ទារឲ្យនិស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងចាប់យកឱកាសនេះឲ្យបាន។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីបន្តថា ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរ ឲ្យតែលើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្ស យកមកជួយអភិវឌ្ឍន៍ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សចាំបាច់ណាស់ សម្រាប់កសាងសង្គមគ្រួសារនិងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោលគ្រួសារឲ្យបានមាំ និងឆ្លៀតជួយ កសាងសង្គមជាតិឲ្យមានការអភិវឌ្ឍតទៅមុខទៀត។
ឯកឧត្តមបានរំលឹកពីការខិតខំជួយរបស់អូស្ត្រាលីយ៉ាងច្រើនមកលើប្រទេសកម្ពុជា នាសម័យអ៊ុនតាក់ និងការចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទន្ទឹមនោះ អូស្ត្រាលីជាប្រទេសមុនគេមួយ ដែលចូលមកជួយកម្ពុជា ក្នុងសម័យផ្ដួលរំលំរបបខ្មែរក្រហម ពិសេសរដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់និស្សិតកម្ពុជាបានយ៉ាងច្រើន ដែលនិស្សិតទាំងនោះ បច្ចុប្បន្នបានក្លាយជាធនធានដ៏មានតម្លៃសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕






