រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ហើយដោយសារជាបទពិសោធន៍នៅប្រទេសអភិវឌ្ឍន៍តែងបានគិតគូរអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច៕





