
ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្តរបស់មន្ទីរពេទ្យបង្អែកពាមជរ មន្ទីរពេទ្យបង្អែកអ្នកលឿង និងមន្ទីរពេទ្យបង្អែកព្រះស្តេច។ ការចុះត្រួតពិនិត្យនេះគឺសង្កេត ឃើញថាមានភាពប្រសើរឡើងបើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកជុំទី១ កាលពីចុងឆ្នាំ២០២៣ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូម ពរបន្ថែម កំពុងបន្តដោះស្រាយ។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជម្រុញលើកទឹក ចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបន្តការអនុវត្តពិនិត្យលើការងារមួយចំនួនដូចខាងក្រោម ៖
១. រៀបចំផែនការសកម្មភាពជាប្រចាំ ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមករួមមាន ការផ្តល់សេវាព្យាបាលអ្នកជំងឺ ការធ្វើអនាម័យបរិស្ថាន ការទទួលស្វាគមន៍បដិសណ្ឋារកិច្ចអ្នកជំងឺ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យ
២. សូមឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីបុគ្គលិកមន្ទីរពេទ្យទាំងអស់ត្រូវបំពេញការងារដោយទទួលខុសត្រូវរលើតួនាទីភារកិច្ចរបស់ខ្លួនឱ្យបាបានខ្ជាប់ខ្ជួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សំដៅអាកប្បកិរិយាល្អ រួសរាយ រាក់ទាក់ ខិតខំស្តាប់ និងស្វែងយល់ពីសំណូមពរអ្នកជំងឺ និងរួមគ្នាផ្តល់ដំណោះស្រាយ
៣. រៀបចំផែនការឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ រួមមាន: ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ធនធានបុគ្គលិក ឱសថសម្ភារ: បរិក្ខារពេទ្យ បណ្តុះបណ្តាលបន្តបច្ចេកទេសជំនាញ ដើម្បីដាក់សំណើតាមរយៈថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីសុំការគាំទ្រពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងពីគណៈអភិបាលខេត្ត ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកឱ្យមានការរីកចំរើនកាន់តែប្រសើរឡើង
៤. ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព ជូនទាំងមន្ត្រីប្រចាំការ និងប្រជាជនមកទទួលសេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
៥. ស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍ ពីមន្ទីរពេទ្យណាមួយក្នុងខេត្ត ឬក្រៅខេត្ត ដែលមានការគ្រប់គ្រង និងផ្តល់សេវាល្អប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងទំនុកចិត្ត ព្រមមានការគាំទ្រខ្ពស់ពីប្រជាជន។
មក
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការចូលរួមពី លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រី ជឹម ច័ន្ទដាលី អភិបាលរងស្រុកពាមរក៍ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទផងដែរ ៕



