
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹក នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំទទួលបន្ទុក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនថ្នាក់ដឹកនាំនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីពង្រឹងការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ស្របតាមគោលនយោ បាយរបស់ក្រសួងសុខាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារចុះបញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងការចុះប្រវេទន៍គ្រឿងសម្អាង ដោយជំរុញការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងពង្រឹងការងារនិយ័តកម្មឱ្យបានល្អប្រសើរថែមទៀត។
ទន្ទឹមនឹងនេះ នាយកដ្ឋានត្រូវពិនិត្យបន្ថែមលើការផ្តល់អជ្ញាប័ណ្ណ បន្តសុពលភាពអជ្ញាប័ណ្ណគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផល គ្រឿងសម្អាង មជ្ឈមណ្ឌលថែរក្សារសម្ផស្ស និងការចុះត្រួពិនិត្យផ្ទាល់នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដើម្បីវាយតម្លៃផ្តល់វិញ្ញាបនបត្របញ្ជាក់គោលគារណ៍អនុវត្តអនាម័យល្អ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យនាយកដ្ឋានយកចិត្តទុកដាក់ក្នុងការតាមដាន និងធ្វើបច្ចុប្បន្នភាព នៃបញ្ជីឱសថសារវន្ត ក្នុងករណីចាំបាច់ ក៏ដូចជាពង្រឹងការងារគ្រប់គ្រងឱសថ នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល៕



