ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិ បាល បានជំរុញឲ្យមន្ត្របំរើសេវានៅមណ្ឌលសុខភាព ត្រូវមានវត្តមានក្នុងម៉ោងវេលាការងារឲ្យបានច្បាស់ លាស់ ដើម្បីផ្ដល់សេវាជូនប្រជាពល រដ្ឋឲ្យបានទាន់ពេលវេលា។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស ដឹកនាំគណៈប្រតិភូចាប់ពិនិត្យការអនុវត្តសេវាសុខាភិ បាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត នៅសាលាខេត្តកំពត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងអំណរគុណ និងសំដែងក្តីរីករាយ ចំពោះការខិតខំបំពេញការងារនៃបុគ្គលិកសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងមូល ទាំងមុនជំងឺឆ្លងកាចសាហាវសាកល Covid- 19 និងជាពិសេសកំឡុងCovid-19 ជាវីរៈភាពរួមជាធ្លុងមួយ ជាមួយសហភាតរសុខាភិបាលទូទាំងប្រទេស និងអន្តរវិស័យ។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា សាមគ្គីភាពភាពទូលាយ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជូនអោយរំលឹកបញ្ជាក់ពីមន្ត្រីដឹកនាំក្នុងសុខាភិបាលនៃខេត្ត យកចិត្តទុកដាក់លើសេវាមណ្ឌលសុខភាព ដោយត្រូវធានាអោយបាន នូវវត្តមានក្នុងម៉ោងវេលាការងារ ដោយមានការកត់ត្រាវត្តមានជាមួយការទទួលខុស ត្រូវ។
ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្នមនុស្សសុខភាពនៅមានបញ្ហាប្រឈម ដោយមិនមានថ្នាំគ្រប់គ្រាន់ ព្រោះមានអ្នកយកថ្នាំពីសាធារណៈ របស់រដ្ឋ ទៅប្រើក្រៅនៅឯកជន។
ក្នុងន័យនេះត្រូវធានា ត្រូវអោយបានយន្តការត្រួតពិនិត្យ និងតម្លាភាព ជាមួយកំនត់ត្រាផ្ទៀងផ្ទាត់។ ពិសេស ត្រូវធានាអោយបានការទទួលខុសត្រូវ ពីមណ្ឌលមួយ ទៅមណ្ឌលមួយ ដោយមិនមានមណ្ឌលណាទទួលខុសត្រូវជំនួសទេ។
បន្ថែមពីការប្រុងប្រយ័ត្ន និងជៀសវាងខាងលើ ចំនុចគន្លឹះខាងក្រោមត្រូវបានជំរុញដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីបន្តអនុវត្ត ការសម្រួលការទទួលអ្នកជំងឺ អោយបានរហ័ស ទូលំទូលាយ និងជាមួយការពន្យល់ក្បោះក្បាយ។
រក្សាទំនាក់ទំនងល្អរវាងសហភាតរ ក៏ដូចជាមួយបងប្អូនមកទទួលសេវាសុខភាព។ ទំនាក់ទំនងល្អ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន។ ពិសេសយកចិត្តទុកដាក់លើការថែទាំសុខភាពបងប្អូនអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ពិសេសទាំងផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ និងឆ្លើយតបបានតម្រូវការសុខភាពបន្ទាន់ៗប្រជាពលរដ្ឋ៕
អ៊ូង សុភារុន






