រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានមកបង្ហាញលទ្ធផលការងារ និងវឌ្ឍនភាពក្នុងការអនុវត្តការងារ ទៅកាន់គណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ។ រយៈពេល ១០ខែ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍជនបទ បានថែទាំ និងជួសជុលផ្លូវជនបទប្រវែងជាង៣.៤០០គ.ម បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុបជាង១.០០០គ.ម។
ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តន៍ផែនការយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។
ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងគោលដៅអភិវឌ្ឍន៍តំបន់ជនបទ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមជនបទ ឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុខភាព និងសុភមង្គល។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្នុងរយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបានអនុវត្តកម្មវិធី អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ តាមរយៈការលើកកម្រិតគុណភាពពីផ្លូវដីស ផ្លូវល្បាយគ្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដោយបានថែទាំ និងជួសជុលផ្លូវជនបទប្រវែង ៣.៤៦១.ម បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុប ១.០០៧គ.ម និងបានសាងសង់សំណង់សិល្បការ្យ ចំនួន ៤៧៨កន្លែង។ ជាមួយគ្នានេះក្រសួងអភិវឌ្ឍន៏ជនបទ បានធ្វើការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្រសួងបាន និងកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យជនបទ តាមរយៈការជីក និងស្តារស្រះសហគមន៍ ខួងអណ្តូងស្នប់ ផ្តល់ពាងយក្ស សាងសង់អាងត្រងទឹកភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់សហគមន៍ខ្នាតតូច សាងសង់ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ ផ្តល់ចុងចម្លោះទឹកស្អាត សាងសង់បង្គន់អនាម័យ និងអប់រំអំពីអនាម័យ និងការសម្អាត ពិសេសគឺអនុវត្តការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទជាចំណែកមួយក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយការធ្វើចំណាកស្រុក ស្ថានភាពរស់នៅឱ្យបានល្អប្រសើរ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត មានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ពិតជាមានសមត្ថភាពដឹកនាំស្ថាប័ននេះឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពល និងចំណេះដឹងខ្ពស់ ជាពិសេស ការសម្រេចនូវចក្ខុវិស័យក្នុងការប្រកបដោយភាពពេញលេញ ច្បាស់លាស់ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ៕