ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើកូរ៉េ ជួយលើការវិនិយោគកែច្នៃ និងវេចខ្ចប់កសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជា ជូនប្រជាជនកូរ៉េ។ នៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ និងសហការី នៅទីស្នាក់ការកណ្តាល KOTRA កាលពីថ្ងៃទី ២៧ ខែមករា ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលនេះជាវេលាសមស្របដើម្បីពិភាក្សាលើការជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រម ព្រៀង CKFTA។
ការឆ្លើយតប លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានលើក ឡើងថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រម ព្រៀង CKFTA នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត និងអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ លោក បន្តថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុម ហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀត ជាពិសេសលើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕






