ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងធ្វើបទអន្តរាគមន៍ពីលទ្ធផល នៃវិស័យសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅក្នុងប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
តាមការគ្រោងទុក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗ ដែលវិស័យសុខាភិបាលរបស់កម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ធានានិរន្តរភាព ការយកចិត្តទុកដាក់ និងដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ការយកចិត្តទុកដាក់ និងនិរន្តរភាពតាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល ការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល ការ ពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីប្រកាសរួម នៃប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក និងរបាយការណ៍របស់ឧត្តមមន្ត្រីសុខាភិបាល៕
អ៊ួងសុភារុន






