
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអគ្គាធិការដ្ឋានចាប់ពីអនុប្រធានការិយាល័យ ព្រមទាំងថ្នាក់ដឹកនាំទទួលបន្ទុកអធិការកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំ សំដៅរបង្កើននិងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។កាលពីម្សិលម៉ិញ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្តាប់នូវរបាយការណ៍វឌ្ឍន ភាពការងារ ការត្រួតពិនិត្យ និងការធ្វើអធិការកិច្ច លើបាតុភាពមិនប្រក្រតីក្នុងករណីមានបណ្តឹង និងកត្តាប្រឈមនានាដែលមានកន្លងមក។
ក្នុងនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារ និងក្រមសីលធម៌ដល់មន្ត្រីអធិការកិច្ចទាំងអស់ សម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ សំដៅបង្កើនការចូលរួមចំណែកដល់ការកែទំរង់វិស័យសុខាភិបាល ក៏ដូចជាការពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃការបម្រើសេវាពិនិត្យព្យាបាលនិងថែទាំសុខភាព និងផ្តល់នូវសុវត្ថិភាពខ្ពស់ដល់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជាយើង៕
អ៊ួង សុភារុន


