ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិ បាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈ មណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះ សំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងគោលបំណ ងដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការ សម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស។
ក្នុងឱកាសចុះពិនិត្យ និងសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្មវិធីជាតិ ក្នុងការផ្តល់ការគាំទ្រ ណែនាំ និងអភិបាលដល់មន្ត្រីថ្នាក់ ក្រោមជាតិទាំង ២៥ខេត្ត រាជធានី រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។
ក្នុងនោះលើសពីការបំបាត់បានជំងឺកាចសាហាវ និងផ្តល់ពិការភាព ដូចជាជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស របេង ជាដើម ក៏នៅមានជំងឺជាច្រើនត្រូវបានកាត់បន្ថយមកអប្បរិមា មានជំងឺរលាកថ្លើមបេ រលាកសួត រលាកខួរក្បាល និងស្រោមខួរ ។ល។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីឱ្យដំណើរការកម្មវិធីជាតិផ្តល់ថ្នាំបង្ការកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវរៀបចំស្នូលនៃចក្ខុវិស័យសម្រាប់ការបង្ការជំងឺទាំង១២មុខ ដោយផ្អែកលើចំណេះ ជំនាញ គុណតម្លៃពីថ្នាក់ជាតិ រហូតដល់មូល ដ្ឋានភូមិ ឃុំ។
ពិសេសដើម្បីជួយដល់សុខភាពស្ត្រី ទារក កុមារ និងប្រជាពលរដ្ឋគ្រប់រូប គោលដៅចម្បងរបស់កម្មវិធីផ្តល់ថ្នាំបង្ការគឺ ធ្វើឲ្យសម្រេចបាននូវអត្រាគ្របដណ្តប់ថ្នាំបង្ការទាំង ១២មុខ ប្រមាណ១០០% តាមរយៈការបង្កើនការផ្តល់ថ្នាំបង្ការនៅនឹងមន្ទីរពេទ្យ មណ្ឌលសុខ ភាព ដោយបង្កើនការចុះតាមដានស្រាវជ្រាវរក និងផ្តល់ថ្នាំបង្ការដល់ទារក និងកុមារដែលមិនទាន់បានទទួល គ្រប់ទីកន្លែង ពិសេសនៅតំបន់ដាច់ស្រ យាល និងបង្កើនការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយពន្យល់អំពីផលប្រយោជន៍នៃការផ្តល់ថ្នាំបង្ការជំងឺទាំង១២មុខ និងផលវិបាកនៃការឆ្លងជំងឺ ពិការភាព ឬស្លាប់ក្នុងករណីដែលមិនព្រមទទួលថ្នាំបង្ការ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណដល់បុគ្គលិកនៃកម្មវិធីផ្តល់ថ្នាំបង្ការទាំងអស់ និងត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ដើម្បីជាប្រយោជន៍រួមធានា ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕ អ៊ួង សុភារុន






