
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខា ភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការពិនិត្យ និងរៀបចំផែន ការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបានកំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ប្រកប ដោយសមធម៌”» ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋាន.ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោល នយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន ត្រូវពង្រឹងកិច្ចសហការ និងសម្រប សម្រួលការងារជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិ សិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកាផ្តោតលើផែនការសកម្មភាពជាអាទិភាព។
ពិសេសត្រូវយកចិត្តទុកដាក់លើការកែទម្រង់ជាយុទ្ធសាស្រ្ត ក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគីប្រតិបត្តិពាក់ព័ន្ធ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារ ជាពិសេសត្រូវរៀបចំក្រប ខណ្ឌសូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃ គ្រប់សកម្មភាពការងាររបស់អង្គភាពពាក់ព័ន្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោត សរសើរ ព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដែលបានខិតខំបំពេញការងារបានល្អប្រសើរនាពេលកន្លងមក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិ បាល ទាំងអស់ ទទួលនូវជោគជ័យក្នុងការបំពេញ ភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕
អ៊ួង សុភារុន
