
ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា និងអង្គការសីលការ បានសំដែងនូវការគាំទ្រចំពោះគម្រោង Girl 2 Leader នៅតាមសាលារៀន ថ្នាក់ទី១១ និងថ្នាក់ទី១២ ដើម្បីពង្រឹងអំណាចក្មេងស្រី ឲ្យគាត់មានគោលដៅច្បាស់លាស់នៅពេលបញ្ចប់បាក់ឌុប។ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី សេង រាសី នាយិការប្រតិបត្តិនៃអង្គការសីលការ និងជាតំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា ព្រមទាំងសហការី នៅវិមានរដ្ឋសភា ។
លោកស្រី សេង រាសី នាយិការប្រតិបត្តិនៃអង្គការសីលការ និងជាតំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា បានបញ្ជាក់ជូនថា រដ្ឋសភា នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ធ្វើឱ្យការងារស្រ្តី មានសិទ្ធិទូលំទូលាយជាងមុន ហើយធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងតម្លាភាពចំពោះស្រ្តី ដោយបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះស្រ្តីគ្រប់រូប អ្វីដែលសំខាន់នៅពេលនេះ គឺស្ថិតលើស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពឱ្យបានខ្ពស់ មានភាពក្លាហាន ប្រកបដោយគុណធម៌ និងការទទួលខុសត្រូវ។
លោកជំទាវប្រធាន បានបន្ថែមទៀតថា កន្លងមកក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី បានចុះធ្វើកម្មវិធី Girl 2 Leader នៅតាមសាលារៀន កម្រិតថ្នាក់ទី១១ ថ្នាក់ទី១២ ដើម្បីបណ្តុះសិស្សស្រីឱ្យក្រុមគាត់ មានគោលដៅច្បាស់លាស់ បន្ទាប់ពីបញ្ចប់ការសិក្សា តើគាត់ចង់ធ្វើអ្វី និងជួយណែនាំផ្លូវឱ្យក្មេងស្រីទាំងនោះមានភាពក្លាហាន និងហ៊ានដើរទៅរកក្តីស្រម៉ៃខ្លួន ឈានទៅសម្រេចក្តីសុបិន្តនៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះ លោក ជំទាវប្រធាន បានសំណូមពរដល់តំណាងក្រុមស្រ្តី ដើម្បីទាំង អស់គ្នា ជួយសហការគាំទ្រដល់កម្មវិធី Girl 2 Leader ដើម្បីចុះធ្វើសកម្មភាពផ្សព្វផ្សាយដល់សិស្សានុសិស្សជាក្មេងស្រី ដែលជាយុវតីបន្តវេន នៅតាមបណ្តារាជធានី-ខេត្ត បន្ថែមទៀត ដោយស្មារតីរូបរួមគ្នាដើម្បីស្រ្តីក្នុងទស្សនៈវិជ្ជមាន ប្រកបដោយគុណធម៌ និងការទទួលខុសត្រូវរួមគ្នា។
ឆ្លើយតបនឹងសំណូមពរ របស់លោកជំទាវប្រធាន លោកស្រីនាយិកា បានទទួលយកសំណើរ និងសន្យាចូលរួមគាំទ្រ កម្មវិធី Girl 2 Leader ដែលជាកម្មវិធីមួយមានសារៈសំខាន់ចំពោះស្រ្តី ដែលបានចូលរួមចំណែកជម្រុញ និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចិរភាព គោលដៅទី៥ ការសម្រេចបានសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងកុមារីទាំងអស់គ្នា និងសូមធ្វើការទំនាក់ទំនងផ្តល់ពត៌មានជាក់លាក់តាមក្រោយ តាមរយៈក្រុមការងារជំនួយការ៕




