នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សិក្ខាសាលាស្តីពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដេីម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នពាក់ពន្ធ័ និងមន្រ្តីជាន់ខ្ពស់រដ្ឋសភា ព្រឹទ្ធសភា និងបណ្តាអង្គការសង្គមស៊ីវិល៕






