ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២៤:០០ នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី កើតឡើងដោយរថយន្តបុកគ្នា បណ្តាលឲ្យខូចខាតរថយន្ត០២គ្រឿង និងស្លាប់អ្នកបើកបរប្រុសម្នាក់ នៅនឹងកន្លែងកើតហេតុ។
តាមការឲ្យដឹងគឺរថយន្ដបង្កម៉ាក KIA ពាក់ស្លាកលេខ ភ្នំពេញ 3D-0128 ពណ៌លឿង.ស ធ្វើចរាចរណ៍ពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុខាងលើ រថយន្តនោះបានបើកវេរចង្កូតមកឆ្វេង ជ្រុលមកបុកជាមួយរថយន្ត TOYOYA TACOMA ដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា។ អ្នកបើកបររថយន្តម៉ាក KIA បន្ទាប់ពីបង្ករួចគ្រោះថ្នាក់រួច បានរត់គេចខ្លួនបាត់ស្រមោល ចំណែកខាងរថយន្តរងគ្រោះម៉ាក TOYOTA TACOMA ពាក់ផ្លាកលេខ ភ្នំពេញ 2AI-4233 ពណ៌ទឹកប្រាក់ ធ្វើចរាចរណ៍ពីលិចទៅកើតនោះ, អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ បានស្លាប់ក្នុងហេតុការណ៍។
ក្រោយធ្វើការចុះវាសវែងរួចមក រថយន្ដទាំង២គ្រឿងត្រូវបានបញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕






