(ពោធិ៍សាត់)៖ រថយន្តដឹកដីក្រុមហ៊ុន (T.C.M) ស្ថាបនាផ្លូវជាតិលេខ៥ បុកកៀរគូថរថយន្តកងអង្គរក្ស ដែលត្រឡប់មកពីការពារ ក្នុងឱកាសបុណ្យទន្លេនៅឯខេត្តបាត់ដំបង បណ្តាលឱ្យក្រឡាប់ របួសធ្ងន់ស្រាលមនុស្ស ៧នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ និង១០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២១៦ និង២១៧ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា មានរថយន្តប្រភេទបែន ១គ្រឿង ដឹកដីឱ្យក្រុមហ៊ុន (T.C.M ) ស្ថាបនាផ្លូវជាតិលេខ៥ បានធ្វើដំណើរពីលិចទៅកើត និងរថយន្ត១គ្រឿងទៀត ម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-6079 បើកបរពីមុខ ក្នុងដំណើរស្របទិសគ្នា លុះមកដល់កន្លែងកើតហេតុ ក៏មានកម្មករធ្វើចរាចរណ៍ ក្រវីទង់បញ្ឈប់ ដើម្បីឲ្យរថយន្តដឹកដីបត់ ដោយបើកយកអេឡង់នៅគន្លងផ្លូវ ពីខាងជើងរួចបត់ទៅទិសខាងត្បូង។
ដោយឡែករថយន្តផ្លាកលេខ (ខេមរភូមិន្ទ) នៅធ្វើដំណើរខាងមុខស្រាប់ ក៏បន្តដំណើរតែមិនផុតរថយន្តដឹកដី ក៏មកដល់កៀរជូតប៉ែកកន្ទុយរថយន្ត បណ្តាលឱ្យរថយន្ត(ខេមរភូមិន្ទ) ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវខាងជើង ផ្ងារជើងទៅលើ ធ្វើឱ្យអ្នកដំណើរក្នុងរថយន្តជាកងអង្គរក្ស រងរបួសធ្ងន់ស្រាល ៧នាក់ ក្នុងចំណោម ១១នាក់៕






