ក្រុងប៉ោយប៉ែត ៖ រថយន្តក្រឡុកស៊ីម៉ងត៏របស់ក្រុមហ៊ុនផ្កាយ៥ បត់ឆ្វេងមិនបើកភ្លើងស៊ីញ៉ូ បុកម៉ូតូធ្វើឲ្យម្ចាស់រងរបួសធ្ងន់ នៅល្ងាចថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស2562 ត្រូវនឹងវេលាម៉ោង16:00នាទី ថ្ងៃទី30 ខែតុលា ឆ្នាំ2018 ត្រុងចំណុចលើកំណាត់ផ្លូវបេតុង មុខកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៏របស់សមត្ថកិច្ចថា មុនកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍ពណ៌ស គ្មានស្លាកលេខ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ5 បានបើកក្នុងទិសដៅពីជើង ទៅត្បូង បញ្ច្រាស់ទិសជាមួយម៉ូតូ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបត់ឆ្វេង មិនបានស៊ីញ្ញូភ្លើងស្តុប ក៏ទៅបុកនឹងម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4155 ចំពីមុខពេញទំហឹង បណ្ដាលជនរងគ្រោះឈ្មោះ ថោង សំអឿ ភេទប្រុស អាយុ18ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ត្រូវចំភ្នែកខាងស្តាំ និងខូចខាតម៉ូតូផ្នែកខាងមុខ។
ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងសាគូ (វរៈ911) បានចុះទៅដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីមកវាស់វែងតាមជំនាញ។ ចំពោះអ្នករងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន (នគររាជ) ដើម្បីសង្គ្រោះ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋានក្រុង នាំយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕ វណ្ណា






