ខេត្ដបន្ទាយមានជ័យ ៖ ក្មេងប្រុស២នាក់បានរងរបួសធ្ងន់ ម្នាក់បាក់ជេីងនិងដៃ ម្នាក់ទៀតបែកក្បាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តបុកជាមួយនឹងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងនៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងផ្លូវអក្សរ T ចំងាយ150ម៉ែត្រ ស្ថិតនៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។
យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកេីតហេតុ បានឃេីញក្មេងប្រុស២នាក់ជិះម៉ូតូជាមួយគ្នា RSX សេរី២០១៥ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-6583 អ្នកបេីកបរម៉ូតូឈ្មោះ ឡុញ អុីស៊ិញ ភេទប្រុស អាយុ១៤ឆ្នាំ នៅរស់ភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ និងអ្នករួមដំណើរដោយឈ្មោះ ព្រាន ចាន់សួន ប្រុសអាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយ បានធ្វេីដំណេីរក្នុងទិសដៅពីខាងត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Hyandai ពណ៌ក្រហម ជារថយន្ដក្រុមហ៊ុនដឹកស្រាបៀរអង្គរ (ចង្កូតស្ដាំ) ពាក់ស្លាកលេខ BMC-0017 បើកច្រាសទិសគ្នា បើកបរដោយឈ្មោះ សាន ម៉ាន់ទី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិរោងគុន ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យឈ្មោះ ឡុញ អុីស៊ិញ បាក់ជើងខាងឆ្វេង និងបាក់ដៃខាងឆ្វេង។ រីឯអ្នករួមដំណើរឈ្មោះ ព្រាន ចាន់សួន រងរបួសបែកក្បាល និងរបួសខ្នងជើងខាងឆ្វេង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកេីតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផាខេត្ដសៀមរាប ដេីម្បីធ្វេីការសង្គ្រោះ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុក ដេីម្បីរង់ចាំដោះស្រាយដោយសន្តិវិធីច្បាប់៕






