ប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងស្រី្ត៣នាក់ទៀតរងរបួសស្រាល ដោយសារថយន្តដឹកដីបុកពីក្រោយ កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨ នៅកំណាត់លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៏ដឹកអ្នកដំណើរស៊ូជីង ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើ ទី០១ មានឈ្មោះ ម៉ៅ ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកសាលារៀនអេលីហ្កែន (រងរបួសស្រាល) ជាអ្នកបើកបរម៉ូតូ អ្នករួមកដំណើរទី១ ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសស្រាល), អ្នករួមដំណើរលើម៉ូតូទី២ ឈ្មោះ សំ ស្រីទាវ ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ (រងរបួសស្រាល) និងឈ្មោះ ខុន ភត្ត្រា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកសាលរៀនអេលីហ្គែន ជាអ្នករួមដំណើរដូចគ្នា បានស្លាប់នឹងកន្លែង។ អ្នកទាំងបួននាក់ខាងលើ ស្នាក់នៅផ្ទះជួលក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្ថែមថា មុនកើតហេតុគេឃើញជនរងគ្រោះទាំ៤នាក់ ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៏ខៀវ ពុំមានស្លាកលេខ (ជិះគ្នា០៤នាក់) បើកបរចេញពីអាហារដ្ឋានអូរខៃដន ហើយបើកសសៀរខាងឆ្វេងដៃ (ពីកើតទៅលិច) បើកជិតដល់ចំណុចកើតហេតុ បានសិុញ៉ូស្តាំ ឆ្លងផ្លូវ ផុតគំនូសពាក់កណ្តាលទ្រូងផ្លូវបានបន្តិច ស្រាប់តែមានរថយន្តដឹកដី០១គ្រឿង ម៉ាកហុីណូ ពណ៏ស ពុំពាក់ស្លាកលេខ បើកពីកើតទៅលិច បានកៀរនឹងម៉ូតូខាងលើ បណ្តាលអោយម៉ូតូខ្ទាតទៅមុខ ហើយចំណែកអ្នកជិះម៉ូតូខាងក្រោយ បានធ្លាក់ចូលកង់ក្រោយខាងស្តាំរថយន្ត បណ្តាលអោយកិនស្លាប់តែម្តង។ ចំណែកអ្នកបើកបររថយន្ត បានទុករថយន្តចោលចុះរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។
នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៏ក្រុង ចុះធ្វើការវាស់វែង ធ្វើកំណត់ហេតុ រួចរាល់ប្រគល់សពឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៏។ ចំពោះយាន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ វណ្ណា









