រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿនមិនឈប់ស្តុបទៅបុករថយន្តស៊ីទែនប្រេងក្រុមហ៊ុន SAVIMEX ពេញទំហឹង បណ្តាលអោយក្រឡាប់ ដេកស្តូកក្បែរចិញើមផ្លូវនិងហូរប្រេងអស់ទាំងព្រឹក ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចស្តុបផ្លូវ លេខ៥៩៨ កែងផ្លូវលេខ១៨០០ ក្នុងភូមិ ទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណាចាត់ទុកជាសំណាងពុំបណ្តាលអោយមនុស្សរងរបួសឡើយ។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើង ដោយរថយន្តដឹកចំណុះ២៤តោន ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ប្រផេះលាយខ្មៅ គ្មានស្លាកលេខ របស់ក្រុមហ៊ុន លី គីមហេង អ្នកបើកបរបានគេចខ្លួនបាត់។ ចំណែករថយន្តដឹកប្រេងម៉ាក ម៉ាកមីស៊ុយប៊ីស៊ី ពណ៌ស ស្លាកលេខ ៣A.៤៣០៧ ជារថយន្តក្រុមហ៊ុនប្រេងសាវីម៊ិច បើកបរដោយឈ្មោះ អៀន បូរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្ត ដឹកធុនយក្ស ចំណុច ២៤តោនបានធ្វើដំណើរតាមបណ្តោយផ្លូវ លេខ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿន ។នៅពេលធ្វើដំណើរ មកដល់ស្តុបភ្លើងក្រហម រថយន្តនោះពុំបានឈប់នោះទេ ក៍បានបើកឆ្លងស្តុប់ទៅបុក រថយន្តដឹកប្រេង ដែលធ្វើដំណើរតាមផ្លូវ លេខ ១៨០០ ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹង តែម្តង។
តាមសាក្សីបានអោយដឹងថាទៀត ថា គ្រោះថ្នាក់នោះបុកចំណ្តាលរថយន្តពេញទំហឹង បណ្តាលអោយរថយន្តដឹកប្រេង ចំណុច ៨០០០លីត្រក្រឡាប់ដេកស្តូកក្បែរចិញ្ចើមផ្លូវ ហូរប្រេងម៉ាស៊ូតពេញផ្លូវនិងចូលលូ។ដោយឡែករថយន្តបង្កនោះខ្ទេចមុខ ។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ រថយន្តដឹកដីក៍បានគេចខ្លួនបាត់ស្រមោល។នៅព្រឹកនោះនគរបាលចរាចរណ៍ និងនគរបាលមូលដ្ឋាន ក៍បានចុះទៅសម្រួលចរាចរណ៍ និងទាក់ទងហៅរថយន្តមកស្ទួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ៕ម៉េង ធា





