ខេត្តប៉ៃលិន ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ស្លាប់នៅនឹងកន្លែង ខណៈ ពេលរថយន្តដឹកទឹកកកមួយគ្រឿង បើកក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំមួយខ្សែរ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក អេសសិត ពណ៌ ស លាយខ្មៅ ជិះឌុបគ្នា(សង្សារ) ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងម៉ាក ហីយ៉ាន់ដាយ ពណ៌ខៀវស បើកមកពីក្រោយ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏បុកអ្នកជិៈម៉ូតូឌុបគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង រួចបន្តល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនិងទៀត ។
ប្រភពព័ត៌មាន បានបន្តថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ចចរាចរណ៍ បានចុះទៅធ្វើការពិនិត្យទីតាំង កើតហេតុផងដែរ ។
លោកអនុសេនីយ៍ឯក រី តារា អធិការស្ដីទី នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះ ទី១ឈ្មោះ សាន វាសនា ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់នឹងកន្លែង) និងទី២ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាប៉ូលិសនៅវរ:៨២១ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបើកបរម៉ាកម៉ូតូម៉ាក អេសសិត ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FK4199 ( ស្លាប់និងកន្លែងដូចគ្នា )។ ចំណែកអ្នកបើកបររថយន្តឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ ជាអ្នកបើកឡានដឹកទឹកកក ដោយបើកបរឡានម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096 មានទីលំភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាមួយអ្នករួមដំណើរម្នាក់ក្នុងរថយន្តមានឈ្មោះ ណាន់ វិន ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបបកម្មករដឹកទឹកកក និងមានទីលំនៅនៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដូចគ្នា ។
លោកអធិការស្តីទី បានបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន មុននិងវាជែង ។
បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ សេង សុវណ្ណារិទ្ធ














