ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូ១គ្រឿង ហើយត្រូវបានរថយន្តដឹកទំនិញបើកលឿន បុកចំពីមុខយ៉ាងពេញទំហឹង កៀបម៉ូតូនៅក្រោមរថយន្ត អូសជាច្រើនម៉ែត្រ ទើបតៃកុងរថយន្តឈប់ចត រត់គេចខ្លួន កាលពីវេលាម៉ោង០៣ និង១៥នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូមួយខ្សែរ (ពីវត្តចំបក់ ទៅវត្តអង្គរយៀប) ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីលែត (Let’s) ពណ៌ស គ្មានពាក់ស្លាកលេខនោះទេ អ្នកបើកបរមានឈ្មោះ សន សំអូន ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស រស់នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបមនុស្សម្នាក់ មានឈ្មោះ សាន់ សុផា ភេទប្រុស អាយុ២៥ឆ្នាំ ជាកសិករ រស់នៅភូមិ ឃុំជាមួយគ្នាបាន បើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូខាងលើ ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A.0707 អ្នកបើកបរបុរសម្នាក់មិនស្គាល់ឈ្មោះ (ចុះរត់បាត់ក្រោយបង្កហេតុរួច) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បុកចំពីមុខយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរទាំងពីរនាក់តែម្តង សន្លប់ស្តូកស្តឹង។
ក្រោយកើតហេតុ នគរបាលបានទូរសព្ទ័ហៅរថយន្តសង្គ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យសម្ភពសុខណា។ ចំពោះម៉ូតូរងការខូចធ្ងន់ ឯរថយន្តខូចខាតតិចតួច។ ក្រោយពីជំនាញធ្វើការវាស់វែងរួចហើយ ចំពោះវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ អ៊ុ ណូន