រាជធានីភ្នំពេញ៖ បុរសម្នាក់ បានប៉ើងរំលងសួនច្បារ បោកក្បាលស្លាប់នៅកន្លែង ខណះពេលដែល ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ហើយត្រូវរថយន្ត ដឹកទំនិញមួយគ្រឿង បើកជ្រែងមកបុកពីក្រោយពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៤ ខែសីហា នៅតាមផ្លូវជាតិលេខ៥ មុខវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ក្នុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះដែលបានស្លាប់នោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ ៤២ឆ្នាំ មុខរបរទិញលក់ក្រដាស មានលំនៅផ្ទះលេខ១១៩ ផ្លូវជាតិលេខ៥ ក្នុងភូមិមិត្ត ភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានបោកក្បាលស្លាប់នៅកន្លែង។ រថយន្តបង្កគ្រោះថ្នាក់ ម៉ាកគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 5513 ជារថយន្តដឹកទំនិញឃ្លុប បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណ ដោយគេចខ្លួនបាត់។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ដឹកក្រដាសយកទៅលក់ នៅឃុំព្រែតាទែន ស្រុក ពញាឮ ខេត្តកណ្តាល។ នៅពេលត្រឡប់មកវិញ ធ្វើដំណើរពីជើង ទៅត្បូង ដល់ស្ពានគ្រួស ស្រាប់តែរថយន្តបង្ក បានបើកមកពីក្រោយ ក្នុងទិសដៅស្របគ្នា ជែងគេឯង មកបុករ៉ឺម៉កជនរងគ្រោះពីក្រោយពេញទំហឹងតែម្តង ។
តាមសាក្សីបានអោយដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នេះ រថយន្តបានបុកពេញទំហឹង បណ្តាលអោយរ៉ឺម៉កប៉ើង ក្រឡាប់ ជាច្រើនត្រឡប់ ហើយ ជនរងគ្រោះបានប៉ើង រំលងសួនច្បារខណ្ឌចែកផ្លូវជាតិលេខ៥ បោកក្បាលស្លាប់នៅកន្លែង។ ភ្លាមៗអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល។
សពត្រូវបានគ្រួសារនាំយកទៅកំកល់នៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរ៉ឺម៉ក ត្រូវបាន នគរបាល បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ៕ ម៉េង ធា









