ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តដឹកសាំង បើកលឿនបុកកិនពីក្រោយពេញទំហឹង។ ក្រោយបង្កហេតុរួច តៃកុងរថយន្តខាងលើ បានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ០១និង២០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១ ទៅលេខ៣២ ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ០១គ្រឿង ដឹកប្រេងសាំងរបស់ក្រុមហ៊ុនតេលា ម៉ាកអ៊ីនធើណេសស៊ិនណល (INTERNATIONAL) ពណ៌សរលាយខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B.7182 មានសណ្តោងស៊ីទែនប្រេងពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A.4211 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅនោះទេ (ចុះរត់គេចខ្លួនបាត់) បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបើកបុក កិនម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI.7202 អ្នកបើកបរមានឈ្មោះ ជឹម វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងបើកបរស្របទិសគ្នា ពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែង។ ចំពោះសពយុវជនខាងលើ នគរបាលបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ។ នគរបាលនិយាយថា អ្នកបើកបរម៉ូតូមិនមានពាក់មួកសុវត្តិភាព និងមិនបានដាក់កញ្ចក់មើលក្រោយនោះទេ។ ចំពោះវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំតំណាងភាគីរថយន្តបង្ក ចូលខ្លួនមកដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះនៅពេលក្រោយ៕ អ៊ុ ណូន








