រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងមួយគ្រឿង បានបើកបោះពួយក្នុងល្បឿនលឿន ក៏បានទាញចង្កូតជ្រុលធ្លាក់ប្រឡាយ បណ្តាលអោយក្រឡាប់ចាក់ស៊ីម៉ងត៍ ចំនួន២៨តោន ចូលក្នុងទឹកទាំងព្រឹក ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ភូមិស្រែតេជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
រថយន្តដែលក្រឡាប់នោះ ម៉ាកហ៊ីណូ ចង្កូតស្តាំ ពាក់ស្លាកលេខ PSHN-0151 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកស៊ីម៉ង់ត៍ចំនួន១៤យ៉ោង ស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់ មិនបានប្រាប់អោយស្គាល់ឈ្មោះឡើយ ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តខាងលើធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ខណៈពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធ្ងន់ មួយគ្រឿង បើកជែងឆ្វេង ស្រាប់តែរថយន្តដឹកស៊ីម៉ងត៍ភ្ញាក់ ក៏បួងចង្កូតទាញគេចទៅស្តាំ ជ្រុលធ្លាក់ផ្លូវបេតុង អូសលើចិញ្ចើម ទៅមុខប្រមាណ៥០ម៉ែត្រ ក៏ផុងដីក្រឡាប់ផ្ញាជើង ចាក់ស៊ីម៉ងត៍ចូលទឹកតែម្តង ។
តាមប្រភពព័ត៌មានបានអោយដឹងទៀតថា បន្ទាប់ពីក្រឡាប់ អ្នកបើកបរ បានប្រាប់ថៅកែអោយដឹងថា មានរថយន្តធំ ០១គ្រឿង បើកកៀរ ជាហេតុធ្វើអោយ ធ្លាក់ផ្លូវ ក្រឡាប់។
តាមបុរសម្នាក់ ដែលគេអះអាងថាជាថៅកែរថយន្ត បានឲ្យដឹងថា រថយន្តនោះបានដឹកស៊ីម៉ង់ត៍ចំនួន២៨តោន មកពីក្រុង ព្រះសីហនុ យកទៅដាក់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅខណ្ឌព្រែកព្នៅ ហើយ ត្រូវរថយន្តមួយគ្រឿងទៀតបើកគៀរ បណ្តាល អោយធ្លាក់ផ្លូវក្រឡាបចូលប្រឡាយតែម្តង ។ នៅព្រឹកនោះម្ចាស់ បានជួលរថយន្តមកស្ទួច យករថយន្តនោះទៅជួសជុល។ចំណែកស៊ីម៉ងត្រូវទឹករងបានខូចខាត៕ ម៉េង ធា













