ព្រៃវែង ៖ រថយន្តដឹកស្រូវ១គ្រឿង តៃកុងងងុយដេក រ៉េចង្កូតធ្លាក់ចូលចិញ្ចើមផ្លូវក្រឡាប់បាស់ជើងទ្រមេឃ តែសំណាងល្អមិនមានមនុស្សរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលម៉ោង២៤និង១០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខស្ថានីយ៍ចិញ្ចឹមត្រី ស្ថិតក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកពាមរក៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកហិនដាយពណ៌សពាក់ស្លាកលេខ “ញ”0689ភព3 ដឹកស្រូវពេញ បើកបរដោយឈ្មោះ វ៉ាន់ លីហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិបន្ចេច ឃុំពាមមានជ័យ ស្រុកពាមរក៍ បើកបរក្នុងទិសដៅ ពីទីរួមខេត្តព្រៃវែងទៅអ្នកលឿង លុះមកដល់ចំណុចខាងលើ តៃកុងងងុយដេក ក៍បានរ៉េចង្កូតធ្លាក់ចូលទៅចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯងតែម្តង។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យកន្លែងកើតហេតុ តែដោយសារករណីនេះបង្កឡើងដោយខ្លួនឯងមិនមានមនុស្សរងរបួស និងមិនប៉ះពាល់ខូចខាតដល់សម្បត្តិសាធារណៈ របស់រដ្ធនោះ សមត្ថកិច្ចក៍ឲ្យម្ចាសហៅរថយន្តមកស្ទូចឡើងដោយខ្លួនឯង៕ សុឹម សាន់








