ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ជាតៃកុងរថយន្តធុនតូច បានស្លាប់ភ្លាមៗកៀបក្នុងរថយន្ត និងយុវជនម្នាក់ទៀតរួមដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះរបស់យោធា ដឹកយកទៅសង្គ្រោះ ដោយសារតែរថយន្តធុនធំ បុកចំពីមុខយ៉ាងពេញទំហឹង ក្រោយបង្កហេតុរួច តៃកុងរថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៥ និង១០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៤ ទៅលេខ៩៥ ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកផេនធើ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2V.8706 បើកបរោយឈ្មោះ សៀង សុផាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិល្វាលើ ឃុំផ្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A.7688 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអស័យដ្ឋានបាន (ចុះរត់គេចខ្លួនបាត់ស្រមោល) ដែលបើកបរបញ្រ្ចាសទិសគ្នា បុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបររថយន្តផេនធើស្លាប់ម្នាក់ នៅកន្លែងកើតហេតុភ្លាមៗ និងអ្នកជិះជាមួយឈ្មោះ ហ៊ុន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះកងពលលេខ31 ប្រចាំនៅពេជ្រនិល ដឹកទៅមន្ទីពេទ្យ។ អ្នកទាំង2នាក់ បំរើការនៅក្រុមហ៊ុនឱសថ (FENDOLMIC) នៅភូមិស្ទឹងច្រាល់ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ រថយន្តទាំង02រងការខូចខាតធ្ងន់។
ក្រោយកើត ហេតុនគរបាលចរាចរណ៍ស្រុកភ្នំស្រួច ចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ប្រគល់សពអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួសដឹកយកទៅសង្គ្រោះ។ ចំពោះវត្ថុតាងរថយន្តទាំង០២គ្រឿង នគរបាលជំនាញ បានធ្វើការស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំដោះស្រាយនៅពេលក្រោយ និងកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បី ចាត់ការតាមនីតិវិធី៕ អ៊ុ ណូន






