ខេត្ដកំពង់ស្ពឺ ៖ យុវជន០២នាក់បានបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូ០១គ្រឿង ហើយត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក បើកលឿនឆ្លងផ្លូវ បុកកិនម៉ូតូពេញទំហឹង បណ្តាលអោយស្លាប់រណូករណែល។ ក្រោយបង្កហេតុរួច អ្នកបើកបរបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០ ទៅលេខ៥១ នៅក្នុង ភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលជំនាញចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម គ្មានស្លាកលេខនោះទេ ជិះគ្នាពីរនាក់បាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកេីត អ្នកបេីកបរម៉ូតូមានឈ្មោះ វេីប អូនទូច ភេទប្រុសអាយុ២០ឆ្នាំ ជាសិស្ស ស់នៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណេីរមានឈ្មោះ រឹម សារ៉ាយ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស រស់នៅភូមិរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដូចគ្នា។
នគរបាលជំនាញបន្តថា យុវជនទាំងពីរអ្នកពេលបេីកបរមកដល់ចំណុចកើតហេតុខាងលេី ក៏ស្រាប់តែមានរថយន្តធុនធំសណ្តោងទូរកុងតឺន័រ មិនស្គាល់ម៉ាក កំពុងបេីកឆ្លងផ្លូវជាតិលេខ០៤ ពីទិសខាងត្បូងទៅទិសខាងជេីងយ៉ាងលឿន បណ្ដាលអោយបុកកិនម៉ូតូរបស់យុវជនរងគ្រោះ បណ្តាលអោយបែកក្បាលធ្លាយខួរស្លាប់រណូករណែល នៅលើផ្លូវជាតិ ហើយក្រោយបង្កហេតុ អ្នកបើកបររថយន្តបានបន្ថែមល្បឿន ទៅទិសខាងលិច រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកសពយុវជនរងគ្រោះ នៅលើផ្លូវជាតិយ៉ាងអាណោចអាធ៌ម បង្កអោយមានការភ្ញាក់ផ្អើល
ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅធ្វើការវាស់វែង នៅកន្លែងកើតហេតុ ចំពោះសពយុវជនទាំង០២នាក់ កម្លាំងនគរបាលជំនាញ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែករថយន្តដែលបង្កហេតុហើយបើករត់គេចនោះ កម្លាំងជំនាញកំពុងបន្តធ្វេីការស្រាវជ្រាវ ដើម្បីឃាត់រថយន្តនិ ងអ្នកបើកបរ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងធ្វើការដោះស្រាយជាមួយសាច់ញាតិក្រុមគ្រួសារយុវជនរងគ្រោះ៕ អ៊ុ ណូន









