ខេត្តកំពង់ស្ពឺ ៖ បុរសជាតៃកុងរថយន្តទួរីសម្នាក់ បានកៀបស្លាប់ ជាប់ក្នុងរថយន្តជាមួយដើមឈើ ខណៈដែលបើករថយន្តម្នាក់ឯង ហើយត្រូវបានរថយន្តធុនធំដឹកឥវ៉ាន់ បើកលឿនពេក បុកពីក្រោយបណ្តាលអោយប៉ើង ផ្លោងរថយន្តទួរីស ជ្រុលទៅបុកផ្ទប់ជាមួយដើមឈើពេញទំហឹង ក្រោយបង្កហេតុរួច តៃកុងរថយន្តធុនធំ បានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៥និង៥០នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤ ទៅលេខ១០៥ ចំនុចស្ពានរ៉ោងរ៉ាង ក្នុងភូមិទី០៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តី របស់នគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តម៉ាក ISUZU ពណ៌ខៀវសណ្តោងរ៉ឺម៉ក (កន្ទុយ) ពាក់ស្លាកលេខ ភ្នំពេញ 3B.5444 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះឡើយ (រត់គេចបាត់ស្រមោលក្រោយបង្កហេតុរួច) ដែលរថយន្តបង្កខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករថយន្ត០១គ្រឿងទៀត ម៉ាក Samyong (ជាប្រភេទរថយន្តទួរីស រត់តាក់ស៊ី) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.5897 បើកបរដោយឈ្មោះ នូ សេថារត្ន័ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី រស់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលកំពុងបើកបរទិសដៅស្របគ្នា ចំពីក្រោយ បណ្តាលឲ្យខ្ទាតទៅបុកគល់ឈើចិញ្ចើមផ្លូវ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍ស្រុកភ្នំស្រួច បានចុះធ្វើការវាស់វែង។ សពបុរសរងគ្រោះបានប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តធុនធំបង្កហេតុ និងរថយន្តទួលរីសរងគ្រោះខាងលើ នគរបាលជំនាញបានប្រមូល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ និងកសាងសំណុំរឿងតាមនីតិវិធី៕ អ៊ុ ណូន






