ក្រុងប៉ោយប៉ែត ៖ រថយន្តធំពីគ្រឿងបុកគ្នា ធ្វើឲ្យមនុស្ស៣នាក់ ម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងនស្រាល កាលពីវេលាម៉ោង ២១និង១៥នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចលើស្ពានតាប៉ុន ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលមកពីរថយន្ត បុករថយន្ត ដែលមកពីទិសដៅផ្ទុយគ្នា។
សមត្ថកិច្ចប្រាប់ថា មុនកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៉ីយិនដាយផ្លូវ៥ ពណ៍ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហុង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិភ្នៅ ឃុំព្រៃឈរ ស្រុកលុះពងត្របែក ខេត្តព្រៃវែង បើកបរមកពីទិសខាងលិច ទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងរថយន្ត០១គ្រឿង ម៉ាកហ៉ីយិនដាយផ្លូវ៥ ពណ៍ស ពាក់ផ្លាកលេខ តាកែវ 3A.0301 បើកបរដោយឈ្មោះ អូន អុំ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងចក ឃុំថើប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរមកពីទិសខាងកើត ទៅទិសខាងលិច បណ្តាលអោយបុកចំពីមុខកើតមានគ្រោះថ្នាក់តែម្តង។
ឮសម្ថកិច្ចបន្ថែមថា អ្នកបើកបររថយន្តឈ្មោះ ហុង បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ អូន អុំ របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំពោះអ្នករួមដំណើរ មានឈ្មោះ ហៃ ម៉ៅ រងរបួសស្រាល បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះដូចគ្នា។
រថយន្តទាំងពីគ្រឿងខូចខាតធ្ងន់ធ្ងរ។ សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងរថយន្តទាំងពីរគ្រឿង កំលាំងជំនាញធ្វើការវាស់វែង និងយកមករក្សាទុកនៅអធិករដ្ឋានស្រុកព្រះនេត្រព្រះ។ ចំពោះសពរងគ្រោះ សមត្ថកិច្ចបានប្រគល់ឪ្យសាច់ញាតិ ចាត់ចែងតាមប្រពៃណីយ៏៕ វណ្ណា







