ក្រុងប៉ោយប៉ែត ៖ មនុស្សប្រុស ស្រី៤នាក់ ដែល២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ២នាក់ទៀតរងរបួសធ្ងន់ ដោយសារតែរថយន្តធំដឹកត្រី ឆ្ពោះមកកាន់ក្រុងប៉ោយប៉ែត បានបុកជាមួយរថយន្តបាឡែនរត់តាក់ស៊ីមួយគ្រឿង ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះរួមដំណើរដែលស្លាប់ និងរបួសមាន ទី១ ឈ្មោះ ហ៊ាង ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) ទី២ ឈ្មោះ លី សុភ័ក្រ ភេទស្រី អាយុ៣៥ឆ្នាំ (របួសធ្ងន់) ទាំងពីរនាក់ខាងលើជាប្តីប្រពន្ធ មុខរបរលក់ដូរ នៅខេត្តកំពង់ធំ, ទី៣ ក្មេងប្រុស អាយុជាង១០ឆ្នាំម្នាក់ កៀបស្លាប់នៅក្នុងរថយន្តបាឡែន និងទី៤ ជាស្ត្រី រងរបួសធ្ងន់ នៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។
សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុ រថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1840 បើកក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត ដោយឡើងជែងរថយន្តមួយគ្រឿងនៅពីមុខស្របទិស ក៏ជ្រុលចង្កូតទៅបុករថយន្តធំដឹកត្រីបញ្ច្រាស់ទិស ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-0475 អូសប្រហែល៣០ម៉ែត្រ ក្រឡាប់ធ្លាក់ស្នាមភ្លោះតែម្តង។
នគរបាលជំនាញចរាចរណ៍ប្រាប់ថា ក្រោយពេលកើតហេតុ តៃកុងរថយន្តបាឡែន និងរថយន្តធំដឹកត្រីបានចុះរត់គេចខ្លួន ចំណែកអ្នករងរបួស កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២។ រីឯរថយន្តទាំងពីរគ្រឿង នគរបាលនឹងហៅរថយន្តស្ទូច យកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវ។ ចំពោះសាកសពដែលកៀបនៅក្នុងរថយន្តបាឡែន បើសាច់ញាតិមកមិនទាន់ទេ និងតំកល់នៅវត្តសិន៕ វណ្ណា






