ខេត្តកំពង់ស្ពឺ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង និងរថយន្តធុនធំមួយគ្រឿងទៀត បានរងការខូចខាតធ្ងន់ធ្ងរ ត្រូវបាននគរបាលអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ខណៈដែលរថយន្តកាមរីបាឡែន បើកលឿនដោយជនជាតិបរទេស ហើយបុកគ្នាជាមួយរថយន្តធុនធំ ដែលបើកបញ្ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង ហើយចតរថយន្តទុកចោលទាំង២ តៃកុងបានរត់គេចបាត់រៀងៗខ្លួន។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០១ និង៤០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចន្លោះគីឡូម៉ែត្រលេខ៧២ ទៅលេខ៧៣ ចំណុចភូមិផ្សារតាឡាត់ខាងកើត ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលបានស្រង់សម្តីអ្នកឃើញហេតុការណ៍ថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-0339 អ្នកបើកបរឈ្មោះ (SEOW CHOON MENG) ភេទប្រុស អាយុ៦០ឆ្នាំស្នាក់ នៅផ្ទះលេខ២៦៤ ភូមិទី១ សង្កាត់ ក្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាជនជាតិសឹង្ហបុរី បើកបរមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តមួយ១គ្រឿងទៀត ម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3589 អ្នកបើកបរឈ្មោះមិនស្គាល់អត្តសញ្ញាណនោះទេ (ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល) ខណៈដែលបើកបញ្ជ្រាសទិសគ្នា បុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបររថយន្តបាឡែនរងរបួស ហើយបានឡើងជិះរថយន្តឈ្នួលទៅភ្នំពេញបាត់ទៅ។
ចំពោះរថយន្តបាឡែនរងការខូចខាតធ្ងន់ធ្ងរ ឯរថយន្តម៉ាកហ៊ីយ៉ានក៏ដាយរងការខូចខាតផងដែរ។ ដោយគ្មានតៃកុងរថយន្តនោះ នគរបាលស្រុកបានអូសយករថយន្ដទាំង២ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំស្រួច រងចាំដោះស្រាយតាមនិតិវិធី៕ អ៊ុ ណូន






