ភ្នំពេញ ៖ រថយន្តបែនដឹកដីធុនធំបើកបរក្នុងល្បឿនលឿនបុកម៉ូតូបណ្តាលអោយបុរស់ម្នាក់ស្លាប់ នៅក្រោមកង់រថយន្ត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកចូល បុរីភពថ្មីតាមបណ្ដោយផ្លូវ២១៧ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឯក សឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុបានឃើញរថយន្តបែនដឹកដីម៉ាកហុីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 3A-0914បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿន លឿនលុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក TODAy ពណ៌ ផ្កាឈូកពាក់ស្លាកលេខ រតនៈគីរី 1E-2414 ជិះម្នាក់ឯងទិសដៅបញ្ច្រាស់ទិសគ្នា បត់ឆ្លងផ្លូវចូលក្នុងបុរី បណ្ដាលអោយម៉ូតូដួលកិនមនុស្សជាប់ ក្រោមកង់រថយន្តអូសប្រហែល១៥ម៉ែត្របណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ចំណែកអ្នកបើកបររថយន្តបង្កខាងលើបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាស់វែងរួច យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពរងគ្រោះ ក្រោយធ្វើកោសល្យវិច្ច័យរួច បានប្រគល់អោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ស៊ុន ហេង










