ស្រីលង្កា៖ មនុស្ស ៧នាក់បានស្លាប់ និង២១នាក់ បានរងរបួស បន្ទាប់ពីរថយន្តប្រណាំងមួយបានបុកអ្នកមទស្សនានៅក្នុងព្រឹត្តិការណ៍មួយ ក្នុងប្រទេសស្រីលង្កា។ ការធ្លាក់នេះបានកើតឡើងនៅឯការប្រណាំង Fox Hill Supercross កាលពីថ្ងៃអាទិត្យក្នុងទីក្រុងឌីយ៉ាតឆឡាវ៉ា ដែលជាទីក្រុងមូលដ្ឋានទ័ព។ បើតាមសាក្សីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានរថយន្តមួយគ្រឿងទៀត បានក្រឡាប់នៅលើផ្លូវលំ។ មន្ត្រីជំនាញបានព្យាយាមបន្ថយល្បឿនរថយន្តនៅជុំវិញកន្លែងកើតហេតុ ដោយគ្រវីភ្លើងពណ៌លឿង ប៉ុន្តែខណៈរថយន្តបានបើកហួសមក ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ក្រហម បានរេចង្កូតទៅបុកអ្នកទស្សនាពេញទំហឹងតែម្តង ផ្នែកម្ខាងនៃផ្លូវដែលមិនប្រុងប្រយ័ត្ន។ មនុស្ស៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈ ២នាក់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ ព្រឹត្តិការណ៍ដែលគ្រប់គ្រងដោយសមាគមកីឡារថយន្តស្រីលង្កាបានដំណើរការតាំងពីឆ្នាំ១៩៩៣ ប៉ុន្តែនេះគឺជាការប្រណាំងលើកដំបូងក្នុងរយៈពេល ៥ឆ្នាំដោយសារតែការរឹតបន្តឹងជំងឺរាតត្បាត និងបញ្ហាដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស៕
ប្រែសម្រួលដោយ. ម៉ុក ម៉ានិច






