កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រី២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ខណៈដែលជិះម៉ូតូ១គ្រឿងទៅធ្វើការរោងចក្រ ហើយត្រូវបានរថយន្តមិន ស្គាល់ម៉ាក បានបើកលឿនបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូូម៉ែត្រលេខ៤ទៅលេខ៥ ចំណុចភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីមន្ត្រីនគរបាលចរាចរណ៍ស្រុក បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង មិនស្គាល់ ម៉ាក (បើកបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល)ដែលរថយន្តបង្កហេតុខាងលើ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៤១ ក្នុងទិសដៅពីទិសខាង ត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចខាងកើតហេតុលើបានជ្រុលទៅ បុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC.១៩៣០ បើកបរដោយ ឈ្មោះ កង ស្រីញាន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មារិនីរោងចក្រ បានរងរបួសធ្ងន់ធ្ងរ (ជាអ្នកឌុប) បានឌុបមនុស្សចំនួន ២នាក់ រួមដំណើរជាមួយមានឈ្មោះទី០១ ជី ស្រីណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មារិនីរោងចក្ររង (របួសធ្ងន់ធ្ងរ) និងទី០២ឈ្មោះ កង សុមាលី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មារិនីរោងចក្រ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ (ស្លាប់)។ អ្នកទាំងបីរស់នៅក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុ នគរបាលជំនាញ បានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ ចំណែកសពស្ត្រីរងគ្រោះ បានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ និងអ្នករងរបួសទាំង២នាក់ បានបញ្ជូនទៅមន្ទីរពេទ្យឯកជនក្បែរកន្លែងកើតហេតុ។
នគរបាល បានបញ្ជាក់ថា អ្នកបើកបរម៉ូតូមិនបានពាក់មួកសុវត្តិភាពនោះទេ ចំពោះវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង រង់ចាំសាច់ញាតិមកទទួលយក៕ អ៊ុ ណូន










