ខេត្ដកំពង់ស្ពឺ ៖ បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសចំណាស់ម្នាក់ទៀតរួមដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយគ្លីនិកឯកជនមួយ ដឹកយកទៅសង្គ្រោះ។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង ខណៈបុរសពីរនាក់ជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក បើកលឿនបញ្ច្រាសផ្លូវបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៩និង០៥នាទីយប់ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨នៅ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៣៩ ទៅលេខ៤០ ចំណុចភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក ផ្លាកលេខ ឫឈ្មោះ និងទីលំនៅរបស់អ្នកបើកបរទេ (បានបើកបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោលក្រោយបង្កហេតុរួច) ដែលរថយន្តបង្កហេតុខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១០០ ជាម៉ូតូផលិតនៅប្រទេស (កូរ៉េ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B.6380 អ្នកបើកបរឈ្មោះ ទី សុភី ភេទប្រុស អាយុ២៩ឆ្នាំ ជាកសិករ (បែកក្បាលប្រកាច់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ) បានឌុបមនុស្សម្នាក់ពីក្រោយមាន ឈ្មោះ អឿន សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់ធ្ងរ) អ្នកទាំងពីររស់នៅក្នុងភូមិពោធិអណ្តែត ឃុំជើងព្រៃ ស្រុកបាភ្នំ ខេត្តព្រៃវែងជាមួយគ្នា ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលរបួស នៅគ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុនគរបាលជំនាញ បានចុះធ្វើការវាស់វែង។ ចំពោះសពបុរសរងគ្រោះ កំពុងរងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យ ដោយដឹកយកទៅតម្កល់ នៅក្នុងសាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺសិន។ នគរបាលបន្តទៀតថា អ្នកបើកបរម៉ូតូមានពាក់មួកសុវត្ថិភាពដែល តែមិនដាក់កញ្ចក់មើលក្រោយនោះទេ។ ម៉ូតូខូចខាតកំរិតធ្ងន់ និងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំសាច់ញាតិជនរងគ្រោះមក ពីខេត្តព្រៃវែងម កទទួលយក៕ អ៊ុ ណូន










