ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ ក៍ត្រូវរថយន្ត ម៉ាក់កាម៉ារី បាឡែន បើកដោយបុរសម្នាក់ ដែលជាមន្ត្រីនគរបាលដូចគ្នា បានជ្រុលទៅបុក ចំហៀងគូថក្រោយ យ៉ាងពេញទំហឹង បណ្តាលអោយ រថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ជិតនិង វិទ្យាល័យទួលអំពិល ផ្លូវ២១៧ កែងនិងផ្លូវបេតុង អត់លេខ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលពន្លត់អគ្គីភ័យមួយរូបអាយុប្រហែលជាង៤០ឆ្នាំ បានបើករថយន្តម៉ាក់ ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W 8952 បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុ បានបត់ឆ្វេង ឆ្លងចូលទៅតាមផ្លូវ បេតុងអត់លេខ លុះរថយន្តបត់ឆ្លងបានពាក់កណ្តាលផ្លូវ ក៍ស្រាប់តែមានបុរសម្នាក់ទៀត ដែលគេស្គាល់ថាជាមន្ត្រីនគរបាលដូចគ្នាវ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តម៉ាក់ កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 4219 បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុក និងរថយន្តហាយឡែនឌ័រ ចំចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលរថយន្ត ហាយលែនឌ័រ រងការខូចខាត ក្រពិតគូថក្រោយចំហៀងខាងស្តាំ និងវៀចកង់ក្រោយតែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ដោយឡែករថយន្ត កាម៉ារីបាឡែនវិញ រងការខូចខាត ខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញ់ខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៍បានអោយតំណាងភាគី ទាំងសង្ខាងសម្របសម្រួលគ្នា ម្តងទៀត ហើយណាមួយដោយសារតែ អ្នកទាំងពីរ គឺជាកងកម្លាំងដូចគ្នា គឺពួកគាត់សុខចិត្ត យករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច ៕ សុខ ស៊ីថា









