ខេត្តកំពង់ស្ពឺ៖ រថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េងជឺ បើកលឿនបុករះម៉ូតូ០២គ្រឿង បណ្តាលឱ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសម្នាក់ផ្សេងទៀតដឹកតាមរថយន្តយកទៅព្យាបាល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូ ម៉ែត្រលេខ៣៧ ទៅលេខ៣៨ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលបានស្លាប់នោះមានឈ្មោះម៉ា សូនីតា អាយុ១៣ឆ្នាំរស់នៅភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោង។ នៅមុនពេលកើត ហេតុក្មេងស្រីរងគ្រោះបានអង្គុយលើ ម៉ូតូ០១គ្រឿងម៉ាកស៊ូគីស្មាក់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CT-៥៣១០នៅលើចញ្ចើមផ្លូវខាងស្តាំដៃ។
ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាហ្វតពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BB-៦៨៧៦ អ្នកបើកបរឈ្មោះ ហុឹម អៀងសូផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើកបរពីទិសខាងជើងទៅទិសខាងត្បួង មក ដល់ចំណុចខាងលើ បានប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១.M-១២៩២ អ្នកបើកបរឈ្មោះ ភិន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំរងរបួស ស្រាលរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កំពុងបើកបរពីទិសខាងត្បូងទៅទិសខាងជើង។
ប្រភពបានបន្តថា រថយន្តបានជ្រុលទៅបុកម៉ូតូក្មេងស្រីរងគ្រោះខាងលើពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
មន្ត្រីជំនាញបានធ្វើកាវាស់វែងនឹងហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ដោយឡែកសពក្មេងស្រីរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទាំង២គ្រឿង នគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ អ៊ុំ ណូន






