ខេត្ដកំពង់ស្ពឺ ៖ មនុស្សចំនួន០៣នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកមកសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូ១គ្រឿងឆ្លងផ្លូវ ត្រូវបានរថយន្តឡិចស៊ីស បើកលឿនបុកពេញទំហឹង របួសរណូករណែលលើផ្លូវជាតិ កាលពីវេលាម៉ោង ០៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣ ទៅលេខ២៤ ចំណុចភ្នំកូនលោក ស្ថិតក្នុងភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តី របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS.2624 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងទីលំនៅឋានឡើយ ក្រោយបង្កហេតុបានចតរថយន្តទុកចោលនៅកន្លែងកើតហេតុ រួចចុះរត់គេចខ្លួន បាត់ស្រមោល។
នគរបាលបានបន្តទៀតថា រថយន្តខាងលើបាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ខាងលើបានជ្រុលចង្កូត ទៅបុកម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ស៊េរី ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H.7818 បើកបរដោយឈ្មោះ ស៊ើន វេន ភេទប្រុស អាយុ៣៥ឆ្នាំ ជាកសិករ (រងរបួសធ្ងន់)រ ស់នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឌុបមនុស្សចំនួន០២នាក់ ទី១ឈ្មោះ ស៊ើន មុំ ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសធ្ងន់) ទី២ឈ្មោះ ប៉ើន ងូក ភេទប្រុស អាយុ១២ឆ្នាំ (រងរបួសធ្ងន់) ទាំង០២នាក់ រស់នៅភូមិឃុំជាមួយអ្នកបើកបរ កំពុងបើកបរពីទិសខាងជើង ទៅទិសខាងត្បូង ហើយឆ្លងផ្លូវជាតិលេខ៤៤ ទៅទិសខាងកើត ស្រាប់តែបុកពេញទំហឹង បណ្តាលអោយរងរបួសរណូករណែលពេញផ្លូវជាតិតែម្តង។
ក្រោយកើតហេតុមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏បានរាយការណ៍ទៅនគរបាលជំនាញ ចុះធ្វើការវាស់វែង ហៅរថយន្តសាមុយដឹក អ្នករងរបួសបញ្ជូនទៅពេទ្យសម្ភពសុខណាកំពង់ស្ពឺ។ នគរបាលបន្តទៀតថា អ្នកបើកម៉ូតូមិនមានពាក់មួកសុវត្ថិភាពនោះទេ ហើយនិងមិនបានដាក់កញ្ចក់មើលក្រោយដែរ។ ចំពោះរថយន្តខូចខាត០១គ្រឿង កំរិតស្រាល និងម៉ូតូខូចខាតកំរិតធ្ងន់។ ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំម្ចាស់រថយន្តបង្កហេតុ ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ អ៊ុ ណូន






