ខេត្ដកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានស្លាប់ក្រោយពីសាច់ញាតិ ដឹកបញ្ជូនយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុំត្រែងត្រយឹង ដោយសារតែក្មេងប្រុសខាងលើ ដើរលើចិញ្ចើមផ្លូវ ត្រូវបានរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសបុក រួចអ្នកបើកបរបានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧ ទៅលេខ៨៨ ក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់នគរបាលចរាចរណ៍ស្រុកភ្នំស្រួច បាននិយាយអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើងរវាងរថយន្ត០១គ្រឿង ម៉ាក Lexus.RX300 ពណ៌ខ្មៅ ពាក់ស្លាកលេ ខភ្នំពេញ.2R.5608 បានបើកបរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ពីទិសខាងកើត ទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកក្មេងម្នាក់ឈ្មោះ អេង ម៉េងឡុង ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សសាលា រៀនថ្នាក់៦ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាមួយឪពុកម្តាយ ដែលកំពុងដើរលើចិញ្ចើមផ្លូវ ពីលិច ទៅកើត បណ្តាលឲ្យរថយន្តបុកកិន និងស្លាប់នៅពេលដែលបញ្ជូនដល់ពេទ្យមណ្ឌលសុខភាពឃុំត្រែងត្រយឹង។ ចំពោះអ្នកបើបររថយន្ត មិនស្គាល់ឈ្មោះ និងកន្លែងរស់នៅឡើយ ក្រោយកើតហេតុ អ្នកបើកបររថយន្តបាន ចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុនគរបាលចរាចរណ៍ជំនាញ បានចុះទៅធ្វើការវាស់វែង ហៅរថយន្តដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ដោយសារតែរបួសធ្ងន់ធ្ងរពេក ក្មេងប្រុសបានស្លាប់ សពក៏ត្រូវបានប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្តបង្កហេតុ នគរបាលបានដឹកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿង ស្រាវជ្រាវរកម្ចាស់ ដើម្បីអោយចូលខ្លួនមកដោះស្រាយជាមួយសាច់ញាតិក្មេងប្រុសរងគ្រោះ នៅពេលក្រោយ និងបញ្ជូនបន្ត តាមនីតិវិធី៕ អ៊ុ ណូន







