ស្វាយរៀង ៖ យ៉ាងហោចណាស់រថយន្តដឹកទំនិញ៥គ្រឿង បើកឆ្លងដែនពេលយប់ ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់បាន ២គ្រឿង និងឆែករកឃើញមានបង្កប់ស្រាប្រភេទ Hennessy និង XO គេចពន្ធចំនួន៤កេស និងម៉ូតូ៣-៤គ្រឿង បញ្ជូនមក កាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកាលពីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បើតាមន្រ្តីនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពី វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តយីឌុប ៥គ្រឿង ផ្ទុកទំនិញពេញគ្របជិតសង្ស័យថា ដឹកឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាម។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ឃាត់រថយន្តបាន២គ្រឿង នៅវេលា ម៉ោង១១និង១០នាទីយប់ គឺ១គ្រឿងស្ទាក់បាននៅចំណុចជិតវត្តចេកវ៉ា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្រោមការសម្រប សម្រួលពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឆែកឆេរកវត្ថុតាងឈើប្រណិត ក៏ប៉ុន្តែការឆែកឆេរ នោះ រកពុំឃើញមានឈើប្រណិតទេ មានតែទំនិញគ្រឿងអេឡិចត្រូនិចជជុះ ដូចជា៖ ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ លែនកាំម៉ារ៉ា។
ប្រភពបន្តថា លុះនៅវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ក៏ឃាត់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3A-6237 យកមកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការឆែកឆេរ រកឃើញទំនិញគេចពន្ធ បង្កប់គ្រឿង អេឡិចត្រូនិច រួមមាន៖ ស្រា Hennessy និង XO ដបធំ ដបវែង ចំនួន៤កេស និងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀត។
ប្រភពព័ត៌មានពីប្រជាពរដ្ឋរស់តំបន់នោះបានអោយដឹងថា ស្ទើរជារៀងរាល់ថ្ងែនៅចន្លោះ ម៉ោង៧ទៅម៉ោង៨យប់ គេឃើញ មានរថយន្តប្រមាណជិត១០គ្រឿង បានបិទខ្លុមជិត បើកឆ្លងកាត់ផ្លូវបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ឆ្ពោះទៅ ផ្លូវរបៀង ភូមិជុំព្រីង និងបន្តទៅប្រទេសវៀតណាម ឆ្លងទៅប្រឡាយថ្មីរបស់វៀតណាម។
ប្រជាពលរដ្ឋបន្តទៀតថា ចំពោះរថយន្តទំាងនេះដឹករាប់ឆ្នាំមកហើយ មិនដែលឃើញមានសមត្ថកិច្ចណាធ្វើការបង្ក្រាបនោះ ទេ ទើបតែថ្មីៗនេះ ខាងភាគីវៀតណាម មិនអោយចូលទើបមានការករស្ទះ រថយន្តជាច្រើនគ្រឿង ទើបដឹងដល់ព្រះរាជអាជ្ញា ចុះដល់ទីកន្លែ និងនាំយករថយន្តបានពីរគ្រឿងមកស្នងការខេត្តដើម្បីត្រូត្យពិនិត្យ។ ព្រហ្ម សាវ៉េត












