ខេត្តក្រចេះ ៖ សត្វគោញីឈ្មោលតូចធំចំនួន៩ក្បាល ក្នុងចំណោមជាង៧០ក្បាល របស់ប្រជាកសិករ រស់នៅនៅខាងក្រោយភូមិវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវរន្ទះបាញ់ប្រកាច់ងាប់ភ្លាមៗ យ៉ាងរណូករណែលទាំងខ្សែរចំណង ខណៈមេឃមានភ្លៀង និងខ្យល់បក់ខ្លាំងឡើង កាលពីរសៀលថ្ងៃទី១០ កញ្ញា។
ក្នុងហេតុការណ៍រន្ទះបាញ់ លាន់លឺកក្រើកដី បន្ទាប់ពីមេឃមានភ្លៀង និងខ្យល់បក់ខ្លាំង ត្រូវបានអាជ្ញាធរស្រុកសំបូរអះអាងថា ជាគ្រោះធម្មជាតិមួយមិនដែរធ្លាប់មាន។ ជាមួយនឹងហេតុការនេះ បានបណ្តាលឱ្យសត្វគោញីឈ្មោលចំនួន៩ក្បាល ក្នុងចំណោមហ្វូងគោចំនួន៧២ក្បាល ដែលចងក្នុងក្រោលតែមួយ នៅខាងក្រោយភូមិវឌ្ឍនៈ ត្រូវបានរន្ទះបាញ់ងាប់ ដួលរណូករណែលនៅក្នុងក្រោល ទាំងជាប់ចំណង។
នាយប៉ុស្តិ៍នគរបាលឃុំវឌ្ឍនៈ លោក អនុសេនីយ៍ត្រី ញ៉ែម សិដ្ឋ បានឱ្យដឹងថា សត្វគោទាំងនេះ មានម្ចាស់ឈ្មោះ យ៉ុន សុខា អាយុ៤៨ឆ្នាំ ជាកូនរបស់លោកមេឃុំ ដែលមានចិញ្ចឹមគោច្រើនជាងគេនៅក្នុងឃុំនេះ។ លោកថាក្នុងហេតុការឧប្បតិ្តហេតុរន្ទះបាញ់នេះ ក្រៅពីគោញី ឈ្មោល ចំនួន៩ក្បាល បានងាប់ភ្លាមៗ គឺមិនមានបណ្តាលឱ្យជនណាម្នាក់រងគ្រោះថ្នាក់ទៀតនោះទេ ខណៈដែលគោទាំងនោះ ត្រូវបានម្ចាស់យកទៅចងនៅក្នុងក្រោល នៅក្រោមដើមឈើនៅក្រោយភូមិ។
ការងាប់របស់សត្វគោ ដោយសារតែរន្ទះបាញ់សម្លាប់ ដែលអាជ្ញាធរថាមិនធ្លាប់កើតមាន និងបានសម្លាប់សត្វគោញីឈ្មោល អស់ចំនួន៩ក្បាលនេះ បានធ្វើឱ្យពលរដ្ឋសម្តែងការសោកស្តាយជាខ្លាំង ខណះដែលសត្វគោ ដែលជាកម្លាំងអូសទាញដ៏ចាំបាច់សម្រាប់វិស័យកសិកម្ម ហើយក៏មានតម្លៃថ្លៃដែរនោះ ត្រូវបានងាប់ស្ទើរទាំងក្រោល។
សូមរំលឹកថា កន្លងទៅកាលពីខែសីហា ឆ្នាំ២០១៦ នៅស្រុកសំបូរក៏ធ្លាប់មានករណីរន្ទះបាញ់ សម្លាប់សត្វគោបែបនេះម្តងរួចទៅហើយ ដោយកាលណោះ មានគោញីឈ្មោលចំនួន ១៤ក្បាល ក្នុងចំណោមហ្វូងគោជាងចំនួនជាង៣០ក្បាល របស់ម្ចាស់ឈ្មោះម៉ុត ពឿង អាយុ ៥៤ឆ្នាំ រស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ក៏ត្រូវបានរន្ទះបាញ់ បណ្តាលឱ្យប្រកាច់ងាប់ទាំងខ្សែចំណងដែរ៕






