ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍គ្រោះធម្មជាតិមួយបានកើតហេតុឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២និង៣៥នាទីរសៀល បណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់ ដោយសាររន្ទះបាញ់ នៅចំណុចវាលឈូកធំ ខាងត្បូងភូមិស្រះជិក ចម្ងាយ២ពាន់ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក និងរន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ និង មានខ្សល់កន្ត្រាក់ នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងនូវការខូចខាតផងដែរ។
តាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពណ៌ខ្មៅ និងមានខ្សល់បក់បោកយ៉ាងខ្លាំង លាយឡំនិងផ្គររន្ទះ គួរឲ្យភ័យខ្លាច ស្របពេលនោះរន្ទះបានបាញ់ប្រជាពលរដ្ឋចំនួន០៣នាក់ ដែលទៅឃ្វាលគោ និងកំពុងជ្រកភ្លៀងក្នុងក្បែរប្រឡាយទឹក ស្លាប់ភ្លាមៗមួយរំពេច។ ជនរគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ម៉ក់ យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក, ទី២ឈ្មោះ មឿន សាមេត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រះជីក, និងទី៣ឈ្មោះ ព្រិល ឈឹង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជិក ស្រុកភ្នំស្រុក។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
លោកអធិការបានបញ្ជាក់ទៀតថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀលនេះដែរ នៅឃុំពន្លៃ ស្រុកភ្នំស្រុក មានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលបង្កអោយខូចខាតដូចជា៖ របើកស័ង្កសី និងក្បឿងសាលាបឋមសិក្សាគោកតាសុខ អស់ស័ង្កសី១៥សន្លឹក, ក្បឿង៨០សន្លឹក និងកាច់ស្លាកគណៈបក្សប្រជាជននៅតាសុខ១ផ្ទាំងធំ, បាក់ដើមឈើកាត់ផ្លូវ១កន្លែងនៅតាវង ឃុំពន្លៃ បានកាប់ចេញឲ្យប្រជាពលរដ្ឋធ្វើដំណើររួច, របើកដំបូលផ្ទះប្រជាពលរដ្ឋនៅតាវង១ខ្នងអស់ ស័ង្កសី៣០សន្លឹក។ រន្ទះបាញ់ផ្ទះ១ខ្នង ខូចសរសរ១ដើម ក្បឿង១០សន្លឹក និងឆេះគប់ភ្លើងទាំងស្រុង។ របើកដំបូលផ្ទះប្រជាពលរដ្ឋ នៅភូមិគោកតាសុខអស់២០ខ្នង ខូចខាតស័ង្កសី និងក្បឿងជាច្រើនផងដែរ។ ក្នុងនោះក៏មានរបើកដំបូលបន្ទប់ទឹកអស់៣ នៅភូមិគោកតាសុខ ខូចស័ង្កសី១៥សន្លឹក របើកទ្រុងជ្រូកអស់៣ ខូចខាតសង្កសី៧០សន្លឹកផងដែរ។ ប្រព័ន្ធភ្លើងត្រូវដាច់ជាច្រើនកន្លែង តែចំពោះមនុស្ស និងសត្វមិនមានគ្រោះថ្នាក់ទេ៕ ណុប រក្សា






