ប៉ោយប៉ែត ៖ មនុស្សម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តយីឌុប និងរថយន្តក្រុង កាលវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងកើតវិទ្យាល័យ និមិត្ត ប្រហែល៥០០ម៉ែត្រ សិ្ថតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាមជ័យ។
សមត្ថកិច្ចសណ្ដាប់ធ្នាប់ បានប្រាប់ថា មុនកើតហេតុមានរថយន្តធុនធំសុឺមីរ៉ម៉ក ពណ៍ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3887 ហើយរឺុម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-3026 បើកបរគោលដៅពីកើតទៅលិច ពេលបើកបរដល់ចំណុចកើត ហេតុ បានបើកឡើងជែងរថយន្តដឹកទំនិញធុនធំ០១គ្រឿង ទៀត ពណ៌ត្រួយចេក ពាក់ស្លាកលេខ តាកែវ 3A-2043 ដែល បែកកង់និងឈប់ចតនៅទ្រូងផ្លូវជាតិខាងជើង ពេលជែងបានផុតក្បាលបន្តិច ស្រាប់តែជ្រុលទៅបុកនឹង រថយន្តក្រុងដឹកអ្នក ដំណើរ ប្រភេទ៤៥កៅអុី (ជារថយន្តរបស់ក្រុមហ៑ុនបូព៍ា អាសុី) ពណ៍ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-0329 បើកបរគោលដៅពីលិចទៅកើត (បញ្ច្រាស់ទិសគ្នា) បណ្តាលអោយគ្រោះថ្នាក់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលអោយមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ អ្នកដែលស្លាប់មាន ឈ្មោះ ឡុង វណ្ណះ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅក្នុងភូមិស្វាយមាស ឃុំសំរោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបររថយន្តយីឌុប ពាក់ស្លាកលេខ ព្រះសីហនុ 3A-3887 ចំណែក ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅក្នុងភូមិកោះតារៀ ឃុំរវា ស្រុកសំរោង ខេត្តតាកែវ (រងរបួសធ្ងន់) ជាអ្នកបើកបររថយន្តក្រុង។
ចំណែកអ្នកបើកបររថយន្ត ដែលខូចឈប់ចត (ក្តាប់ឈ្មោះពុំបាន) រត់គេចខ្លួនបាត់។ រីឯអ្នករួមដំណើរលើរថយន្តក្រុង ចំនួន០៤នាក់ (ពុំមានរងរបួសទេ) ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុង។
រថយន្តទាំងពីរ (ខូចខាតធ្ងន់) ត្រូវយកទៅរក្សាទុក្ខនៅប៉ុស្ដ៏សង្កាត់និមិត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ វណ្ណា













